អគារក្រសួងរៀបចំដែនដីថ្មីនឹងសម្ពោធនៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

0

ដោយ៖ សុផារី

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចាប់ផ្ដើមអញ្ជើញ ចូលរួមសម្ពោធសមិទ្ធផលនានាឡើងវិញ ខណៈសម្ដេចនឹងអញ្ជើញសម្ពោធអគារក្រសួងរៀបចំដែនដីថ្មី នៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខ ដែលបានខកខានដោយសារជំងឺកូវីដ១៩នាពេលកន្លងមក។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដោយសារការត្រៀមបម្រុងរបស់យើង រៀនរស់នៅជាមួយនឹងជំងឺកូវីដ ១៩ ការងារចាប់ផ្ដើមដំបូងរបស់សម្តេច គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់មកទៀត ត្រូវពិនិត្យមើលកម្មវិធីមួយចំនួន ដែលបានលុបនាពេលកន្លងមក ដូចជា ស្ពានមិត្តភាពចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងសម្ពោធសមិទ្ធផលខេត្តព្រះសីហនុ និងកម្មវិធីផ្សេងៗទៀតជាដើម ។

សម្ដេចបានមានប្រសាសន៍ថា “សូមឱ្យមានការរៀបចំការចាប់ផ្តើមដំបូងរបស់ខ្ញុំ គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយកំណត់យក ថ្ងៃទី០៨ ខែវិច្ឆិកា ដើម្បីចាប់ផ្តើមឡើងវិញឱ្យមានដំណើរការ បើយើងនៅតែក្នុងរូង គឺក្នុងពេលដែលយើងឱ្យសិស្សសាលាចូលរៀន ដូចជាមិនល្អមើល ហើយនឹងមិនត្រូវសង្វាក់នៃការងារទៀតផង។”
សម្តេចបានបន្តថា “បន្ទាប់ទៅត្រូវមើលកម្មវិធីមួយចំនួនទៀតដែលយើងបានលុបចោល ដូចជាការសម្ពោធស្ពាន មិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ការសម្ពោធសមិទ្ធផលនៅខេត្តព្រះសីហនុ ដែលយើងបានធ្វើយ៉ាងធំ និង អស់ថវិកាយ៉ាងច្រើន ដោយយើងត្រូវធ្វើការសម្ពោធកម្មវិធីដែលយើងចោលមួយចំនួនកន្លងទៅ គឺអាចរៀបចំឡើងវិញដើម្បីឱ្យដំណើរការ។ “

សម្តេចតេជោ ហ៊ុន សែនក៏បានបញ្ជាក់បន្ថែមថា លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហើយថា ចាប់ពីខែវិច្ឆិកាទៅ គឺសាលាបើកជាទូទៅតែម្តង បើយើងមិនបើកជាទូទៅទេ ការស្លាប់ដោយសារសេដ្ឋកិច្ច ប្រហែលជាពិសេសជាង ការស្លាប់ដោយសារកូវីដ១៩ទៅទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here