ដោយ ៖វឌ្ឍនៈ
ភ្នំពេញ៖ ប្លង់មេនិងផែនការអភិវឌ្ឍន៍វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៥ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ភូមិសាស្ត្រសង្កាត់ព្រែកត្នោតក្រុងបូកគោខេត្តកំពត ត្រូវបានដាក់ឆ្លងនិងអនុម័តនៅក្នុងកិច្ចប្រជុំពិនិត្យកាលពីថ្ងៃទី២៥ ខែតុលា២០២១ ដើម្បីជួយលើកម្ពស់ជីវភាព ប្រជាពលរដ្ឋ ។នេះបើតាមលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៦តុលា២០២១នេះ ។
លោកជឿជាក់ថា គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចនេះ នឹងចូលរួមបង្កើតសក្តានុពលទេសចរណ៍កាន់តែខ្លាំង និងមានជម្រើសកាន់តែច្រើន ចូលរួមបង្កើតការងារ និង បង្កើនជីវភាព ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ។
លោកបន្តថា ទេសចរណ៍ធម្មជាតិជាផ្នែកមួយយ៉ាងសំខាន់ នៃទេសចរណ៍កម្ពុជា ហើយតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះដែលកំពុងត្រូវបានការពារបាន យ៉ាងល្អប្រសើរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងបរិការណ៍នៃការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នេះ។ ក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋខ្មែរបានដើរកម្សាន្តច្រើន នៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ធម្មជាតិនានាក្នុងប្រទេសកម្ពុជា និងបាននាំចូលសេដ្ឋកិច្ចជាច្រើនទៅមូលដ្ឋាន និងបង្កើតការងារថ្មីជូនពលរដ្ឋ ដែលជាផ្នែកមួយនៃការចូលរួមពង្រឹងលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ។
លោកបានបន្ថែមថា ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើង បានផ្តល់តម្លៃខ្ពស់ដល់តំបន់ទេសចរណ៍ធម្មជាតិ និងមានមោទកភាពចំពោះសម្បត្តិ ធនធានរបស់កម្ពុជា ជាពិសេសតាមរយៈដំណើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិនានា រូបភាព និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃប្រទេសកម្ពុជាត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយនានា ដែលបានចូលរួមកាន់តែខ្លាំងថែមទៀត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងបានចូលរួមថែរក្សាការពារនូវទេសភាព និងសម្បត្តិធម្មជាតិទាំងនេះ សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។
ជាការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុង វិបត្តិកូវីដ១៩នេះ ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តកំពតកាន់តែច្រើននិងមានចំនួនច្រើនជាងគេក្នុងចំណោមខេត្តទាំងអស់របស់កម្ពុជា។ តាមរយៈកំណើនភ្ញៀវទៅកម្សាន្តនៅខេត្តកំពតនេះ បានធ្វើឱ្យការវិនិយោគនៅក្នុងខេត្តកំពតកាន់តែទទួលបានបានច្រើនឡើងទៅលើវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ រមណីយដ្ឋាន និងផ្ទះលំហែជាដើម៕