ដោយ: ម៉ាលីស
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចអនុញ្ញាត ចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានបំណងចង់មកទស្សនាកម្សាន្ត មកទស្សនានៅកម្ពុជាវិញហើយ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលកម្ពុជា ដែលមានចុះហត្ថលេខាដោយលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា នឹងបើកទទួលទេសចរវ៉ាក់សាំង ដែលចែកជា ៣ជំហាន៖
– ជំហានទី ១ (ការចាប់ផ្ដើមឡើងវិញ)
ចាប់ផ្ដើមទទួលទេសចរអន្តរជាតិឡើងវិញ ដោយការកំណត់យក គម្រោងសាកល្បង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយចាប់ផ្ដើមនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៅខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៅខេត្តកោះកុង និងបន្ទាប់មកទៀតនៅខេត្តសៀមរាប នៅក្នុង ខែ មករា ឆ្នាំ២០២២។
-ជំហានទី ២ (ការបើកឡើងវិញតាមតំបន់)
ចាប់ផ្ដើមទទួលទេសចរអន្តរជាតិ មកកាន់តំបន់ទេសចរណ៍ សុវត្ថិភាពផ្សេងៗទៀត បន្ទាប់ពីគម្រោងសាកល្បងនៃជំហានទី១ ទទួលបានជោគជ័យ។
-ជំហានទី៣ (ការបើកឡើងវិញទាំងស្រុង)
ការបើកទទួល ទេសចរណ៍វ៉ាក់សាំង ពេញលេញនៅទូទាំងប្រទេស។
កម្មវិធីទេសចរណ៍វ៉ាក់សាំងនេះ អនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនា ក្នុងតំបន់ឬគោលដៅទេសចរណ៍ សុវត្ថិភាពភាពរយៈពេល ៥ថ្ងៃដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ។
ភ្ញៀវទេសចរដែលចូល ក្នុងកម្មវិធីទេសចរវ៉ាក់សាំង តម្រូវឲ្យធ្វើតែតេស្តរហ័ស រកអង់ទីហ្សែនកូវីដ-19 ប៉ុណ្ណោះនៅពេលមកដល់អាកាសយានដ្ឋាន។ ករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកំសាន្ត ដោយសេរីនៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព។ ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តតាមនិតិវិធីប្រតិបត្តិស្ដង់ដារ និងវិធានសុវត្ថិភាពទេសចរណ៍ជាមុន។
ភ្ញៀវទេសចរត្រូវអនុវត្តន៍ តាមលក្ខខណ្ឌនៃកម្មវិធី បើកទទួលទេសចរណ៍វ៉ាកសាំងដោយត្រូវស្នើសុំលិខិតអនុញ្ញាតចូលកម្ពុជា ដោយផ្សារភ្ជាប់ជាមួយ នីតិវិធីនៃការស្នើសុំទិដ្ឋាការដែលមានស្រាប់។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ការលុបចោលនូវការផ្អាកជើងហោះហើរត្រង់ ពីប្រទេសមួយចំនួនដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជាកាត់បន្ថយចំនួនថ្ងៃ នៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរបរទេសចូលមកកម្ពុជា គឺជាសញ្ញាវិជ្ជមានដ៏ល្អប្រសើរមួយ សម្រាប់វិស័យទេសចរណ៍ ពីព្រោះយើងពិតជាពិបាកក្នុងការទ្រាំ ការបិទបន្តទៀតបានណាស់ ។
លោកស្រីបន្តថា “យើងដឹងហើយថាជំងឺកូវីដ១៩នេះនៅតែបន្ត ហើយវាមិនងាយទៅណាបាត់នោះទេ ដូច្នេះយើងត្រូវរួមគ្នាក្នុងការទប់ស្កាត់ និងអនុវត្តន៍តាមវិធានការរបស់ក្រសួងពាក់ព័ន្ធទាំងអស់ ដូចជា ត្រូវប្រតិបត្តិតាមស្ដង់ដារ ដែលបានដាក់ចេញដោយក្រសួងស្ថាប័នពាក់ព័ន្ធ ដូច្នេះយើងនឹងអាចបញ្ជៀសបាន ពីការរាតត្បាតជំងឺនេះកាន់តែធំទៅ”។ លោកស្រីបន្ថែមថា “ក្តីសង្ឃឹមចុងក្រោយរបស់អ្នករកទទួលវិស័យទេសចរណ៍កម្ពុជានៅពេលនេះ គឺការបើកប្រទេសវិញរបស់រដ្ឋាភិបាល ហើយបើសិនជារដ្ឋាភិបាលនៅតែបន្តបិទប្រទេសបន្តទៀត អ្នករកស៊ីវិស័យទេសចរណ៍ពិតជាជួបវិបត្តិកាន់តែធំ”។
លោកឆាយ ស៊ីវលីនបានបន្តថា ពេលនេះប្រតិបត្តិករវិស័យទេសចរណ៍ជាច្រើនកំពុងតែដេកត្រេកអររឃិបរឃុប និងត្រៀមខ្លួនក្នុងការបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញនៅពេលរដ្ឋាភិបាល ប្រកាសបើកទាំងស្រុងនៅពេលណាមួយនោះ។
ទោះបីជាកម្ពុជា មិនទាន់បើកទាំងស្រុងនូវទេសចរណ៍អន្តរជាតិក្ដី តែក្រសួងទេសចរណ៍កម្ពុជាកន្លងមក ក៏នៅតែបន្តបណ្ដុះបណ្ដាលធនធានមនុស្ស នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍មួយចំនួន ដើម្បីស្វាគមន៍នៅពេលដែលកូវីដ១៩ចប់៕