ដោយៈសុខុម
តូក្យូ: ក្រុមហ៊ុនជប៉ុន ទើបបង្កើតថ្មីមួយដែលមានកីឡាករបាល់ទាត់ជប៉ុន Keisuke Honda នៅពីក្រោយ បានផលិតម៉ូតូហោះ (hoverbike) ដ៏អស្ចារ្យដែលមានតម្លៃរហូតដល់ទៅ៧៧,៧លានយ៉េន (៦៨០,០០០ដុល្លារអាមេរិក)ក្នុង១គ្រឿង ដើម្បីទាក់ទាញអ្នកប្រើប្រាស់កំពូលរថយន្តឱ្យងាកមកប្រើម៉ូតូនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា ម៉ូតូហោះនេះត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ លើទីផ្សារកាលពីថ្ងៃអង្គារ ទី២៦ តុលា។
ម៉ូតូហោះមានឈ្មោះថា XTurismo Limited Edition ដែលផលិតឡើងដោយក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងតូក្យូ A.L.I. Technologies នេះបំពាក់ដោយម៉ាស៊ីនធម្មតាមួយគ្រឿង និងម៉ូទ័រ៤ដែលដើរដោយថាមពលអាគុយ ហើយអាចហោះបានរយៈពេល៤០នាទីក្នុងល្បឿន រហូតដល់ទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ម៉ូតូហោះដែលមានពណ៌ខ្មៅលាយក្រហមនេះ មានតួម៉ូតូធម្មតាមួយដែលបន្តុបពីស្លាបចក្រ។
លោក Daisuke Katano នាយកប្រតិបត្តិក្រុមហ៊ុននេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “ពេលនេះយើងមានជម្រើស អាចធ្វើដំណើរលើដីក៏បាន ឬលើអាកាសក៏បាន។ យើងសង្ឃឹមថានឹងផ្តល់មធ្យោបាយធ្វើដំណើរថ្មី”។
ក្រុមហ៊ុនទើបបង្កើតថ្មី ដែលមានក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ ដូចជា Mitsubishi Electric និង Kyocera ជួយជ្រោមជ្រែងនៅពីក្រោយនេះ បានធ្វើការបង្ហាញពីសមត្ថភាពរបស់ម៉ូតូហោះនេះ ហើយបានបង្ហោះវាមួយសន្ទុះ ក្នុងកម្ពស់ប៉ុន្មានម៉ែត្រពីដីនៅទីលានរត់ប្រណាំងជិតភ្នំ Mount Fuji។
លោក Daisuke Katano បានលើកឡើងថា ក្នុងពេលដ៏ខ្លីខាងមុខម៉ូតូហោះនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យហោះពីលើផ្លូវថ្នល់នានា ដែលមានចរាចរណ៍មមាញឹកនោះឡើយ ដោយសារច្បាប់សន្តិសុខដ៏តឹងរ៉ឹងក្នុងប្រទេសជប៉ុន។
ទោះជាយ៉ាងណា ក្រុមជួយសង្គ្រោះអាចប្រើប្រាស់វាបាន សម្រាប់ហោះទៅកាន់កន្លែងណាដែលពិបាកចូលទៅដល់៕ Reuters៕