ដោយៈសុខុម
អន្តរជាតិ: កំពូលមហាសេដ្ឋី Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba តែងតែបង្ហាញមុខជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ជាពិសេសលោកចូលចិត្តផ្ដល់បាឋកថា ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ក៏ដូចជាផ្ញើសារជំរុញលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយកុំបោះបង់ក្ដីសង្ឃឹមជាដើមបានបង្ហាញមុខជាថ្មី នៅប្រទេសហូឡង់ក្រោយបាត់មុខរយៈពេលជិត១ឆ្នាំ។
ប៉ុន្តែនៅខែវិច្ឆិកា ឆ្នាំ២០២០ កំពូលមហាសេដ្ឋីចិន ដែលចូលចិត្តនិយាយអ្វីចំៗមិនសំចៃមាត់រូបនេះ ស្រាប់តែបាត់ខ្លួនភ្លាមៗយ៉ាងអាថ៍កំបាំង ជាហេតុធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង។
ទោះជាយ៉ាងណា កាសែតហុងកុង South China Morning Post បានចុះផ្សាយដោយដកស្រង់ប្រភពច្បាស់ការនៅថ្ងៃពុធ ទី២៧ តុលា នេះថា ពេលនេះលោក Jack Ma កំពុងជាប់រវល់ផ្ដល់បាឋកថា នៅតាមវិទ្យាស្ថានស្រាវជ្រាវនានាក្នុងប្រទេសហូឡង់ ដើម្បីបន្តអ្វីដែលលោកចាប់អារម្មណ៍លើបច្ចេកវិទ្យាកសិកម្ម។
កំពូលមហាសេដ្ឋី Jack Ma បានបាត់ខ្លួនមិនយូរប៉ុន្មាន ក្រោយពីលោកបានរិះគន់ចំៗចំពោះប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២០។
ការបាត់ខ្លួនរបស់លោកត្រូវបានមជ្ឈដ្ឋានទូទៅ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធ្វើការប៉ាន់ស្មានខុសៗគ្នា អំពីជោគវាសនារបស់លោក ដោយខ្លះលើកឡើងថា លោកប្រហែលជាកំពុងជាប់ពន្ធនាគារ ចំណែកឯខ្លះថាលោកអាចលាចាកលោកនេះបាត់ហើយក៏មិនដឹង។
ក្រោយពីលោកបាត់ខ្លួន ក្រុមហ៊ុន Alibaba ក៏ត្រូវរដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការធ្វើនិយ័តកម្មយ៉ាងតឹងរ៉ឹងដើម្បីពិនិត្យផ្ទៀតផ្ទាត់មើល ក្រែងលោកក្រុមហ៊ុនរបស់លោកអនុវត្តពាណិជ្ជកម្មខុសប្រក្រតី ដែលផ្ទុយនឹងច្បាប់រដ្ឋជាដើម។ បន្ថែមពីលើនេះ រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានផ្អាកការចុះបញ្ជីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba ផងដែរ។
យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយកាលពីថ្ងៃទី២៥ តុលា ឆ្នាំនេះឱ្យដឹងថា ក្រុមហ៊ុន Alibaba បានខាតបង់ធ្ងន់ធ្ងររហូត ដល់ទៅ៣៤៤ពាន់លានដុល្លារអាមេរិក ដែលជាការខាតបង់ធំបំផុត សម្រាប់ក្រុមហ៊ុននានាទូទាំងពិភពលោក៕ Reuters៕