កម្ពុជាស្នើសុំអាមេរិក បន្តផ្តល់ជំនួយក្នុងវិស័យសេដ្ឋកិច្ច ផ្អែកលើចំណេះដឹង

ចែករំលែក

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់សហរដ្ឋអាមេរិក បន្តផ្តល់អាហារូបករណ៍ និងឱកាសបណ្តុះបណ្តាលដល់និស្សិត និងអ្នកដឹកនំាវ័យក្មេងកម្ពុជា ដោយកម្ពុជាផ្តល់អាទិភាព ដល់សេដ្ឋកិច្ច ផ្អែកលើចំណេះដឹង ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១។

សម្តេចពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលក្នុងរយៈពេលជាងពីរឆ្នាំមកនេះបានធ្វើឱ្យយកិច្ចសហប្រតិបត្តិការជាច្រើនវិស័យរវាងប្រទេសទាំងពីរ បានជំរុញ លើកកម្ពស់ និងមានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ សម្តេចជឿជាក់ថា ទំនាក់ទំនង ប្រជាជនទំាងពីរប្រទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាម៉េរិក ដែលមានជាង៧០ឆ្នាំមកនេះ នឹងកាន់តែរីកលូតលាស់ ប្រកបដោយផ្លែផ្កាថែមទៀត។
លោក Patrick Murphy អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាបានខិតខំចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់និងឈានដល់ការបើកដំណើរការសកម្មភាពសង្គមនិងសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ។
លោកបានបន្តថា សហរដ្ឋអាមេរិកជាប្រទេសមួយ ដែលបានចូលរួមយ៉ាងសកម្មជួយដល់វិស័យសុខាភិបាលនៅកម្ពុជា ពិសេសនៅកំឡុងពេលនៃការរាលត្បាតជំងឺកូវីដ១៩នេះ អាមេរិកបានផ្តល់វ៉ាក់សំាង Johnson & Johnson ជូនកម្ពុជាប្រមាណជាង១លានដូស តាមយន្តការអង្គការសុខភាពពិភពលោក។
សម្តេចពញាចក្រី ហេង សំរិន ក៏បានថ្លែងអរគុណជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា មានជាអាទិ៍លើ វិស័យសុខាភិបាល អប់រំ បរិស្ថាន វប្បធម៌ កសិកម្ម និងការបោសសំអាតមីនជាដើមនោះ ពិសេសវ៉ាក់សាំងប្រឆាំងកូវីដ-១៩៕


ចែករំលែក