ដោយៈសុខុម
បាងកក: ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Plc នឹងលក់យន្តហោះចំនួន៤២គ្រឿង ហើយកាត់បន្ថយកម្លាំងការងារស្ទើរតែ១ភាគ៣ ដើម្បីកាត់បន្ថយការចំណាយ។ នេះបើយោងតាមប្រធានគណៈកម្មការ រៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុននេះបានប្រកាសកាលពីថ្ងៃច័ន្ទ ទី០១ វិច្ឆិកា។
ក្រុមហ៊ុនអាកាសចរណ៍ ដែលជួបបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង តាំងពីមុនពេលផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ ទៅទៀតនេះ កំពុងឆ្លងកាត់ការរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីការពារពីការក្ស័យធន។
ទោះជាយ៉ាងណា លោក Piyasvasti Amranand ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញនេះនិយាយថា យន្តហោះដែលនឹងត្រូវលក់ ជាយន្តហោះចាស់ៗ និងស៊ីប្រេងច្រើន។ លោកបានបន្ថែមថា យន្តហោះចំនួន១៦គ្រឿង ដែលជួលពីគេនឹងត្រូវប្រគល់ឱ្យទៅគេវិញ។
បន្ទាប់ពីការលក់នេះ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងនៅសល់យន្តហោះតែ៥៨គ្រឿងប៉ុណ្ណោះ។ ក្រុមហ៊ុន Thai Airways បានខាតបង់ប្រាក់ស្ទើរតែរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ មកម៉្លេះ។
លោក Piyasvasti Amranand បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងបន្ថែមជើងហោះហើរបន្ថែមទៀត ជាពិសេសពីអឺរ៉ុបនៅរយៈពេលប៉ុន្មានខែខាងមុខ នៅពេលស្ថានភាពធ្វើដំណើរធូរស្រាលឡើងវិញ។
កាលពីថ្ងៃច័ន្ទ ទី១ វិច្ឆិកា រដ្ឋាភិបាលថៃ បានបើកប្រទេសឡើងវិញ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។
លោក Piyasvasti Amranand លើកឡើងថា ក្រុមហ៊ុន Thai Airways នឹងកាត់បន្ថយចំនួនបុគ្គលិកពី២១.៣០០នាក់ មកនៅត្រឹម១៤.៥០០នាក់ នៅត្រឹមខែធ្នូ ឆ្នាំ២០២២។
លោកនិយាយថា ដើម្បីជួយដោះស្រាយបញ្ហាសាច់ប្រាក់ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបំពេញរាល់លក្ខខណ្ឌកិច្ចព្រមព្រៀង ឥណទាន២៥ពាន់លានបាត (ប្រមាណ៧៥០លានដុល្លារអាមេរិក) ដែលខ្លួនខ្ចីពីស្ថាប័នហិរញ្ញវត្ថុនានា ឱ្យបាននៅត្រឹមឆ្នាំក្រោយ ហើយកំពុងចរចាជាមួយរដ្ឋាភិបាល ដើម្បីស្នើសុំឥណទាន២៥ពាន់លានបាតបន្ថែមទៀត៕ Bangkok Post៕