ឆ្នេរកោះទន្សាយនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍យ៉ាងប្រណិតក្នុងពេលអនាគតខាងមុខនេះ

0

ដោយ: ម៉ាលីស

ខេត្តកែបៈ យោងតាមការចេញផ្សាយរបស់រដ្ឋបាល ខេត្តកែបបានអោយដឹងថា “បើទោះជាតំបន់ជាច្រើនយើងកំពុងអភិរក្ស ប៉ុន្តែតំបន់ខ្លះពិសេសដែនកោះមួយចំនួន បើមានគម្រោងអភិវឌ្ឍន៍ហើយនោះ យើងនឹងប្រែក្លាយតំបន់ខាងលើ ឱ្យក្លាយជាកន្លែងទេសចរណ៍ ប្រកបដោយសក្តានុពល។

ថ្លែងក្នុងដំណើរត្រួតពិនិត្យ ស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចែកអំណោយមនុស្សធម៌ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ នៅលើកោះទន្សាយ ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ក្នុងពេលអនាគតខាងមុខនេះ ឆ្នេរកោះទន្សាយនឹងត្រូវបានអភិវឌ្ឍន៍ ជាតំបន់ទេសចរណ៍យ៉ាងប្រណិត ខណៈក្រុមហ៊ុនទ្រី ភាព គ្រុប (TRY PHEAP GROUP Co,.LTD) បានចាប់ដៃគូដើម្បីអភិវឌ្ឍន៍ តំបន់ឆ្នេរកោះទន្សាយនេះឱ្យក្លាយជាកន្លែងមួយមានភាពស្រស់ស្អាត តាមបែបធម្មជាតិ។

លោកបន្តថា “ថ្វីត្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិ ដែលមានស្រាប់ ប៉ុន្តែទីតាំងខ្លះ យើងក៏ត្រូវការអភិវឌ្ឍន៍ឱ្យក្លាយ ជាតំបន់មួយប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញ”។

យ៉ាងណាមិញឆ្នេរកោះទន្សាយ ដែលកំពុងធ្វើការអភិវឌ្ឍន៍ដោយក្រុមហ៊ុន ទ្រី ភា​ព គ្រុប ខូ.អិលធីឌី (TRY PHEAP GROUP Co,.LTD) ក្នុងពេលអនាគតខាងមុខ នឹងក្លាយជាកន្លែងមួយយ៉ាងស្រស់ប្រណិត សម្រាប់បម្រើលើវិស័យទេសចរណ៍។

ដោយឡែក ចំពោះការដោះស្រាយផលប៉ៈពាល់ដល់ប្រជាពលរដ្ឋ ដែលអាស្រ័យផលលើឆ្នេរកោះទន្សាយ បើទោះជាមានពលរដ្ឋរស់នៅទីនោះ១០ឆ្នាំ ២០ឆ្នាំ៣០ឆ្នាំ ឬ១០០ឆ្នាំ ក៏ចាត់ទុកជាអ្នកអាស្រ័យផល ព្រោះថាតំបន់នេះជាដែនកោះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយការដោះស្រាយនឹងធ្វើឡើងទៅតាមស្ថានភាពជាក់ស្តែង។

ជាមួយគ្នានេះ លោកសោម ពិសិដ្ឋ ក៏សំណូមពរបងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើកោះទន្សាយ ត្រូវផ្តល់អទិភាព និងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន ដែលកំពុងធ្វើការអភិវឌ្ឍន៍នៅទីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here