រដ្ឋាភិបាលកំពុងរៀបចំផែនទីផ្លូវជាតិ និងផ្លូវតាមបណ្តាខេត្តនៅទូទាំងប្រទេស

0

         ដោយៈជេស៊ីកា

         ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភណ្ឌ​បណ្ដាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវថ្នល់​ផ្សេងទៀត​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ។

ជាមួយគ្នានេះ ក្រសួងនឹង​រៀបចំ​ចេញ​ជា​ផែនទី​បណ្ដាញ​ផ្លូវ​ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធានា​បាន​នូវ​ការគ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការទទួល​ខុសត្រូវ​។

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ លោក លឹម ស៊ីដេនីន ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ ត្រួតពិនិត្យ​លើ​ការព្រាង​ចុងក្រោយ​ផែនទី​បណ្តាញ​ផ្លូវថ្នល់ ​ឆ្នាំ​ ២០២០ កាលពីថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ឱ្យដឹងថា អង្គប្រជុំ​បាន​ផ្តោត​ការពិភាក្សា​លើ​ការពិនិត្យ​ឡើងវិញ និង​កែសម្រួល​សេចក្តីព្រាង​ បញ្ជី​សារពើ​ភណ្ឌ​ផ្លូវថ្នល់​រួម ក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួង ដើម្បី​បំពេញបន្ថែម​ចំណុច​ខ្វះខាត ​តាម​ការលើកឡើង​របស់​ភាគី​ពាក់ព័ន្ធ ការបែងចែក​ខ្សែ​ផ្លូវ​តាម​តំបន់ ​ស្របតាម​ស្តង់ដា​ដែល​បានកំណត់ និង​ការដាក់បញ្ចូល​ខ្សែ​ផ្លូវ និង​លេខ​ផ្លូវ​ទៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​ឱ្យបាន​សមស្រប​។

លោក​ថ្លែងថា​ “យើង​ពិភាក្សា​ដើម្បី​ពិនិត្យ​វឌ្ឍនភាព ​នៃ​ការរៀបចំ​ផែនទី​បណ្ដាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវថ្នល់​ផ្សេងទៀត ហើយ​ផលិត​ចេញ​ជា​ផែនទី​ឱ្យបាន​ចប់សព្វគ្រប់ ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​គ្រប់គ្រង ជួសជុល និង​ថែទាំ​ផ្លូវថ្នល់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់់”។

លោកលឹម ស៊ីដេនីនបានបន្តថា ផែនទី​ដែល​នឹងត្រូវ​បានកំណត់​គឺ ផ្លូវជាតិ​សំដៅ​ដល់​ផ្លូវ​ដែលមាន​ចរាចរណ៍​ច្រើន និង​មាន​លក្ខណៈ​សម្គាល់​ដូចជា ផ្លូវ​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​នីមួយៗ នៅ​ទូទាំង​ប្រទេស ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​មួយទៀត ផ្លូវ​ភ្ជាប់​ចេញពី​ផ្លូវជាតិ​ឆ្ពោះទៅកាន់​ផ្លូវជាតិ ផ្លូវបែក​ចេញ​ពី​ផ្លូវជាតិ ​ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​មួយ ផ្លូវបែក​ចេញពី​ផ្លូវជាតិ ឬ​ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​តំបន់​សំខាន់ៗ ​ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន​ទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ផ្សេងទៀត និងផ្លូវ​សំខាន់ៗ​របស់​ជាតិ​មាន​ចរាចរណ៍​ច្រើន​ដែល​កំណត់ដោយ​រាជរដ្ឋាភិបាល​ តាម​សំណើ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ផ្លូវ​ខេត្ត​សំដៅ​ដល់​ផ្លូវ​ដែល​ត្រូវបាន​កំណត់​ដូចជា ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះ​ទៅ​កាន់​ទីរួមស្រុក ខណ្ឌ ផ្លូវបែក​ចេញពី​ផ្លូវជាតិ ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង​ឆ្ពោះទៅកាន់​ទីរួមស្រុក​ខណ្ឌ ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត​ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត​ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត និង​ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង ឬ​ផ្លូវ​ទីប្រជុំជន​នានា​ក្នុង​ខេត្ត​ទៅកាន់​តំបន់​សំខាន់ៗ​ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន ទេសចរណ៍ ច្រកទ្វារព្រំដែន​ទ្វេភាគី តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​មធ្យម​ផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here