ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបានអះអាងថា រហូតមកទល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមបំរ៉ុងដី ទុកសម្រាប់សាងសង់ស្ពានតភ្ជាប់ពីតំបន់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦អារួចហើយ។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បន្តពីកំណាត់ផ្លូវបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងការកែសម្រួលឡើងវិញ ហើយតាមអ្វីលោកទទួលបាន គឺរហូតមកទល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមបំរ៉ុងដី សំរាប់សាងសង់ស្ពានតភ្ជាប់ពីកោះដាច់ មកកាន់ផ្លូវលេខ៦អារួចហើយ។
លោកបន្តថា “ទោះជាយ៉ាងណា ខ្ញុំមិនទាន់អាចជម្រាបបានថាស្ពាននេះ នឹងចាប់ ផ្តើមសាងសង់នាពេលណានៅឡើយទេ”។ លោកបន្តថា “ការសាងសង់ស្ពានតភ្ជាប់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦អា ស្ថិតនៅក្នុងផែនការរបស់រដ្ឋាភិបាល ក្នុងការសាងសង់ផ្លូវក្រវ៉ាត់ក្រុងមួយជុំនាពេលអនាគត”។
គំរោងសាងសង់ស្ពានតភ្ជាប់រវាងកោះដាច់ មកកាន់ផ្លូវជាតិលេខ៦អា ធ្លាប់ត្រូវបានប្រកាសដោយអតីតអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស អំឡុងពេលលោកកាន់ដំណែងជាអភិបាលរាជធានីភ្នំពេញម្តងផងដែរ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ ក៏បានបង្ហើបពីផែនការពង្រីកការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវក្រវ៉ាត់ក្រុងបច្ចុប្បន្ន ដែលការតភ្ជាប់នេះ នឹងមានការសាងសង់ស្ពានតភ្ជាប់រវាងក្តីតាកុយទៅកាន់តំបន់អរិយក្សត្រ និងស្ពានតភ្ជាប់ពីតំបន់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦អានាពេលខាងមុខផងដែរ៕