តម្លៃសំបុត្រយន្តហោះពីប្រទេសចិនឡើងខ្ពស់អាចធ្វើឱ្យរារាំងដល់ទេសចរនិងវិនិយោគិនចិនមកកម្ពុជា

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តម្លៃសំបុត្រយន្តហោះពីប្រទេសចិនមកកម្ពុជា បានហក់ឡើងខ្ពស់កប់ពពក ពោលគឺពីមុនតម្លៃសំបុត្រពីចិនមកកម្ពុជា ត្រឹមតែជាង៤០០ទៅ១០០០ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែពេលនេះវាបានហក់ឡើងដល់ពី៥០០០ដុល្លារទៅ១ម៉ឺនដុល្លារ។

ការឡើងថ្លៃបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការមកដល់នៃភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជាផងដែរ។
លោកជំទាវ ឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសកម្ពុជាបានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៩ វិច្ឆិកានេះថា វាអាចជាកត្តាមួយ ដែលធ្វើឱ្យភ្ញៀវទេសចរពីប្រទេសចិន រារែកក្នុងមកទស្សនានៅកម្ពុជា ពីព្រោះតែតម្លៃសំបុត្រយន្តហោះ បានហក់ឡើងខ្ពស់កបពពក។ លោកជំទាវបន្តថា បើយើងវិភាគមែនទែនទៅ កម្រមានភ្ញៀវដែលចំណាយលុយខ្ពស់បែបនេះ គ្រាន់តែជិះយន្តហោះមកលេងកម្ពុជា ហើយត្រូវទៅវិញនោះទេ។

លោកជំទាវបន្ថែមថា “អ្នកដំណើរដែលចូលមកកម្ពុជា អាចជាអ្នកដែលមានធុរចាំបាច់ ដែលខានមិនបានទើបគេហ៊ានចំណាយលុយទិញសំបុត្រយន្តហោះជិះមក”។ លោកជំទាវបន្តថា “បើប្រៀបនឹងការជិះយន្តហោះពីអាមេរិក រហូតដល់២០ម៉ោងក៏មិនមា​ន​តម្លៃខ្ពស់ដូចជិះទៅប្រទេសចិន ដែលចំណាយពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះនោះទេ”។

ត្រង់ចំណុចនេះ យើងនឹងជជែកជាមួយខាងក្រុមហ៊ុន ឬខាងព្រលានយន្តហោះបន្តទៀតដើម្បីសម្រួលទាំងអស់គ្នា”។

លោកជំទាវបន្ថែមថា តាមពិតទៅការឡើងថ្លៃសំបុត្រនេះ វាបានឡើងយូរហើយ ពោល គឺចាប់តាំងពីមានផ្ទុះកូវីដ១៩ចុងក្រោយនេះ ដែលមានការរីករាលដាលខ្លាំង ពីព្រោះយន្តហោះមួយ ត្រូវបន្តសកម្មភាពហោះហើរ ជាមួយនឹងអ្នកដំណើរ២០ឬ៣០នាក់ឬក៏អាចបានត្រឹម៥០នាក់។ ដូច្នេះការចំណាយរបស់គេខ្ពស់ ដូច្នេះគេឡើងថ្លៃសំបុត្រដើម្បីកឱ្យខាតច្រើនពេក។

លោកជំទាវបន្តថា “កាលណោះប្រទេសយើង ក៏បិទមិនឱ្យមានអ្នកដំណើរចូលដូច្នេះយើងក៏មិបានតវ៉ាអ្វី ដល់ក្រុមហ៊ុនដំឡើងថ្លៃបុត្រនោះដែរ ប៉ុន្តែនៅពេលដែលមានការប្រកាសបើកប្រទេសឡើងវិញ យើងត្រូវដោះស្រាយបញ្ហានេះចំពោះមុខ”។

ដោយឡែកលោកហូ វណ្ឌីប្រតិបត្តិករទេសចរមួយរូបដែរនោះបានឱ្យដឹងថា ប្រ​ទេសចិនក៏ត្រូវការពារប្រជា ជនរបស់គេដែរ នៅក្នុងអំលុងពេលដែលជំងឺកូវីដ១៩ នៅមិនទាន់ចប់ស្រួលបួល ដើម្បីកុំឱ្យប្រជាជនគេចេញក្រៅប្រទេសច្រើន។

ទោះជាយ៉ាងណា លោកជឿជាក់ថាតម្លៃសំបុត្រយន្តហោះនេះ នឹងធ្លាក់ចុះវិញមកនៅតម្លៃដើមនៅពេលឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here