ដោយៈ សុធារី
ត្បូងឃ្មុំៈ ស្រុកក្រូចឆ្មារ កំពុងតែទទួលបានអគារបន្ទីរពេទ្យបង្អែកមួយទៀត បន្ថែមលើអគារដែលកំពុងតែបញ្ចប់ការសាងសង់ក្នុងខែវិច្ឆិកានេះ។ នេះបើតាមប្រភពព័ត៌មានពីលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ប្រាប់កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ។
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាអគារកំពុងសាងសង់ដ៏ធំ និងទំនើបថ្មីស្រឡាងនេះ មានកម្ពស់៤ជាន់ ទំហំ៤,១៣៧ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីទំហំ១៣,២២៩ម៉ែត្រក្រឡា ដោយគ្រោងចំណាយទឹកប្រាក់អស់ ប្រមាណ១,៤លានដុល្លារអាមេរិក។ ចំណែកអគារចាស់ក៏មានទំហំនិងចំណាយទឹកប្រាក់ស្មើគ្នាផងដែរ។
អគារថ្មីត្រូវបានសាងសង់ សម្រាប់ទទួលព្យាបាលជំងឺកុមារ និងប្រជាពលរដ្ឋដែលមានបញ្ហាបាក់ដីជើងផ្សេងៗ។ ចំណែកអគារទីមួយដែលកំពុងសាងសង់ សម្រាប់ជំងឺទូទៅ។
លោកសយ ទូច អភិបាលស្រុកក្រូចឆ្មារ បានមានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមថា “អាគារថ្មីមានតម្លៃនិងទំហំស្មើនឹងអគារចាស់ដែរ ហើយគោលបំណងនៃការសាងសង់អគារថ្មីនេះ សម្រាប់ជាអគារទទួលព្យាបាលជំងឺកុមារនិងប្រជាពលរដ្ឋដែលបាក់ដី បាក់ជើង ផ្សេងៗ។ ចំណែកអគារចាស់សម្រាប់ជំងឺទូទៅ”។ លោកបញ្ជាក់ទាក់ទងនឹងថវិការសាងសង់ថា “សម្រាប់ការឧបត្ថម្ភពីសម្រាប់តេជោនាយករដ្ឋមន្ត្រីដដែល”។
សម្រាប់អគារមន្ទីរពេទ្យបង្អែក បានសម្រេចការសាងសង់ប្រមាណ៧០% ទៅ ៨០% ហើយ។ ការរៀបបូក ការលាបថ្នាំ គ្រោងនឹងបញ្ជប់រួចរាល់នៅចុងខែវិច្ឆិកាហើយ នៅតែបំពាក់ឧបករណ៍ពេទ្យ សម្ភារៈ និងប្រព័ន្ធភ្លើងនឹងរៀបចំតំឡើង ក្នុងចុងខែវិច្ឆិកានេះ។ លោកបានបន្តថា ចំណែក អគារថ្មីមួយទៀត នឹងរៀបចំពិធីក្រុងពាលីបញ្ចុះសីមានៅចុងខែវិច្ឆិកានេះ។
ប្រធានក្រុមការដ្ឋានសំណង់មន្ទីរពេទ្យនេះ បានមានប្រសាសន៍បញ្ជាក់ “អគារដែលបែរមុខមកខាងកើតរបស់យើង នៅតែបំពាក់ឧបករណ៍ទៀតទេ។ ការសាងសង់នឹងបញ្ចប់ក្នុងខែវិច្ឆិកានេះហើយ”។
មន្ទីរពេទ្យនេះ នឹងមានធនធានគ្រូពេទ្យជំនាញៗ មានបរិក្ខារទំនើបៗដូចជាម៉ាស៊ីន Ct Scan, ម៉ាស៊ីនX-Ray ឌីជីថល, ម៉ាស៊ីនអេកូសាស្ត្រជាដើម ដែលថវិការចំណាយ លើការសាងសង់អគារ និងបំពាក់បរិក្ខារទំនើបៗនេះ ជាអំណោយដ៏ថ្លៃថ្លាពីសំណាក់សម្ដេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់៕