ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បើតាមផែនការរបស់រាជរដ្ឋាភិបាលកន្លងមក ព្រលានយន្តហោះនៅខេត្តមណ្ឌលគីរី គ្រោងនឹងចាប់ផ្ដើមដំណើរការនៅដើមឆ្នាំ២០២២ខាងមុខនេះ ដូច្នេះហើយទើបវិនិយោគិនក្នុងស្រុកជាច្រើន បានស្វែងរកទិញដីនៅមណ្ឌលគីរី ជាបន្តបន្ទាប់និងបានជំរុញឱ្យតម្លៃនៅខេត្តមួយនេះ មានសន្ទុះកើនឡើងមួយកម្រិតទៀតផងដែរ។
លោក មាឃ រឹទ្ធីជ័យ ប្រធានក្រុមហ៊ុនអចលនទ្រព្យមួយរូបនៅក្នុងខេត្តមណ្ឌលគីរីបានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១០ វិច្ឆិកានេះថា តាមផែនការលឺថាឆ្នាំ២០២២ខាងមុខនេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមដំណើរការ គម្រោងព្រលានយន្តហោះអន្តរជាតិនៅខេត្តមណ្ឌលគីរីហើយ។ ដូច្នេះហើយទើបធ្វើឱ្យអ្នកមានលុយជាច្រើន មកពីខេត្ពព្រះសីហនុ ខេត្តសៀមរាបជាដើម មកកាន់ទឹកដីនៃខេត្តមណ្ឌលគីរី ដើម្បីស្វែងរកទិញដី ត្រៀមអភិវឌ្ឍន៍ខ្លួនឯងផង និងខ្លះទិញទុកចំណេញនៅពេលអនាគតផងដែរ។
-->
លោកបន្តថា “បើសិនជាគម្រោងព្រលានយន្តហោះនេះ ដំណើរការនៅពេលណាមួយនោះ នឹងធ្វើឱ្យសន្ទុះនៃតម្លៃដីនៅក្នុងខេត្តមណ្ឌលគីរី នឹងស្ទុះងើបមួយកម្រិតទៀត “។លោកបន្តថា “តែយ៉ាងណាក្ដី ទោះបីជាគម្រោងនេះ មិនទាន់លេចជារូបរាងពិតមែន តែអ្នកអភិវឌ្ឍន៍ ក៏បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបណ្ដើរៗផងដែរ ដូចជារីសត ផ្ទះលំហែកាយ ដើម្បីទុកជួលយកចំណេញផង និងទុកសម្រាប់ស្នាក់នៅក្រុមគ្រួសារផង “។
លោកមាឃ រិទ្ឋីជ័យបានបន្ថែមថា សក្ដានុពលសំខាន់មួយដែលធ្វើឱ្យខេត្តមណ្ឌលគីរីមានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិននោះ គឺគម្រោងបើកច្រកព្រំដែនកម្ពុជា វៀតណាម ដែលធ្វើឱ្យដីនៅក្បែរមាត់ច្រកនោះ ក៏មានសន្ទុះ និងហាងឆេងមួយកម្រិតទៀតផងដែរ ។
ជាមួយគ្នានេះ លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជាបានឱ្យដឹងថា គម្រោងដំណើរការព្រលានយន្តហោះមណ្ឌលគីរី នឹងលើកពេលទៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣វិញ ដោយសារតែស្ថានភាពកូវីដ១៩ ធ្វើឱ្យអ្នកជំនាញពីប្រទេសចិន មិនបានចុះមកសិក្សាលម្អិតនៅឡើយ ដូច្នេះ នៅអំឡុងឆ្នាំ២០២២ឬដើមឆ្នាំ២០២៣នោះ យើងក៏មិនទាន់ប្រាកដថានឹងបានសាងសង់ជាផ្លូវការឬយ៉ាងណានោះឡើយ ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា មណ្ឌលគីរថាជាខេត្តមួយ មានសក្ដានុពលនៅពេលអនាគត ជាពិសេសលើតំបន់ទេសចរណ៍ ដែលវិនិយោគិនអាចអភិវឌ្ឍន៍ជាសណ្ឋាគារ រីសត ផ្ទះលំហែភោជនីយដ្ឋាន ពោលគឺសេវាកម្មផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ផ្ទាល់តែម្ដង៕