ដោយៈលក្ខិណា
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ក្រោយពីបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន អស់រយៈពេល២០ឆ្នាំមកនេះ កម្ពុជាបានបំពេញតួនាទីយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមកសាងសហគមន៍តំបន់ ដែលមានសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំងផ្លាស់ប្តូរទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់ដែលមានសារសំខាន់ជាសកល។
សម្ដេចបានមានប្រសាសន៍ នៅក្នុងពិធិបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី១១វិច្ឆិកា២០២១នេះថា ក្នុងនាមជាប្រធានអាស៊ាននាងឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិក និងដៃគូដទៃទៀត ក្នុងការសម្រេចបាននូវអាទិភាពផ្សេងៗរបស់អាស៊ាន ឆ្ពោះទៅរកការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន ព្រមទាំងការលើកកម្ពស់សហគមន៍អាស៊ាន នៅក្រោយវិបត្តិកូវីដ១៩ ស្របតាមមូលដ្ឋាន អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់ ដើម្បីភាពសុខដុមរមនា សន្តិភាពនិងវិបុលភាព ក្នុងតំបន់ទាំងមូល ។






