ដោយៈ សុផារី
ជប៉ុនៈ អ្នកបើកបររថភ្លើងជនជាតិជប៉ុនម្នាក់ កំពុងប្តឹងនិយោជករបស់គាត់ បន្ទាប់ពីប្រាក់ឈ្នួលរបស់គាត់ ត្រូវបានកាត់ចំនួន៥៦យ៉េន (ប្រហែល៥០សេន) ដោយសារការយឺតយ៉ាវរយៈពេលមួយនាទី របស់ប្រព័ន្ធផ្លូវដែកដ៏ល្បីល្បាញមួយរបស់ប្រទេសនេះ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុននៅក្នុងថ្ងៃនេះ។
សារព័ត៌មាន Yomiuri Shimbun បានរាយការណ៍ថា អ្នកបើកបរបានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន West Japan Railway (JR West) កាលពីដើមឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនបានពិន័យគាត់ ដែលបណ្តាលឱ្យមានការពន្យារពេល។ តាមរយៈរបាយការណ៍ គាត់ទាមទារសំណងជំងឺផ្លូវចិត្តចំនួន២.២ លានយ៉េន (ប្រហែល ២០,០០០ដុល្លាអាមេរិក)។
-->
អ្នកបើកបរគ្រោងនឹងបើករថភ្លើងទទេ ទៅកាន់យានដ្ឋាននៅស្ថានីយ៍ Okayama ភាគខាងលិចប្រទេសជប៉ុន ប៉ុន្តែបានទៅផ្លូវខុស ហើយបានមកដល់មួយនាទីក្រោយពេលកំណត់។
អ្នកនាំពាក្យ JR West បានមានប្រសាសន៍ថា មូលហេតុដែលរឿងនេះក្លាយជាបណ្ដឹង គឺលើសពីការបកស្រាយអំពីមូលហេតុនៃការយឺតយ៉ាវនេះ។ លោកបានបន្ថែមថា ក្រុមហ៊ុនបានអនុវត្តច្បាប់ “គ្មានការងារ គ្មានប្រាក់ខែ” ក្នុងការកាត់ប្រាក់ឈ្នួលអ្នកបើកបរ។
អ្នកបើកបរដែលមិនបញ្ចេញឈ្មោះ បានអះអាងថា ការយឺតយ៉ាវនេះជាកំហុសមនុស្សតិចតួច ហើយមិនគួរចាត់ទុកថាអវត្តមានពីការងារនោះទេ។
ប្រព័ន្ធផ្លូវដែករបស់ប្រទេសជប៉ុនមានភាពល្បីល្បាញ និងមានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយត្រូវបានលើកឡើងជាទៀងទាត់ ជាឧទាហរណ៍ សម្រាប់បណ្តាញជុំវិញពិភពលោក៕