ដោយ៖ សុផារី
ភ្នំពេញ៖ អាស៊ានត្រូវការថវិកា ប្រមាណ២១០ពាន់លានដុល្លារក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ២០៣០សម្រាប់ការវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធប្រកបដោយគុណភាព ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតំបន់ ភស្តុភារកម្ម និងខ្សែសង្វាក់ ផ្គត់ផ្គង់។នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧(ATM)។
លោកបានបន្ថែមថា ក្នុងនោះកម្ពុជាត្រូវការថវិកាប្រមាណ៤៨ពាន់លានដុល្លារអាមេរិក ដើម្បី អនុវត្តគម្រោងចំនួន៣៣០ ដែលត្រូវបានកំណត់នៅក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
លោកបានលើកឡើងដូចនេះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧(ATM) ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ត្រូវបានដឹកនាំដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ចូលរួមពីលោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។






