ដោយ៖លក្ខិណា
ភ្នំពេញ ៖ កាលពីពេលកន្លងទៅនេះ សម្ដេចតេជោហ៊ុន សែនបានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋរៀបចំ ពិធីមង្គលការកូនប្រុសស្រីរបស់ខ្លួនឡើងវិញបាន តែត្រូវកំណត់ភ្ញៀវចូលរួមត្រឹម២០០នាក់ប៉ុណ្ណោះ ។ នៅថ្ងៃទី១២ វិច្ឆិកា២០២១នេះ សម្ដេចតេជោក៏បានប្រកាសកែប្រែ និងណែនាំឡើងវិញ ដោយមិនកំណត់ចំនួនអ្នកចូលរួមឡើយ តែត្រូវរក្សាគម្លាតឱ្យបាន ។
តាមរយៈសារសម្លេងសម្ដេចតេជោហ៊ុនសែន នៅរសៀលថ្ងៃទី១២វិច្ឆិកានេះ ឱ្យដឹងថា “ការកំណត់យកភ្ញៀវត្រឹម២០០នាក់ចូលរួមគឺមិនសមស្របនោះទេ តែយើងសូមឱ្យយកស្ដង់ដាររក្សាគម្លាតរបស់ក្រសួងសុខាភិបាលវិញ”។ ឧទាហរណ៍ ថាមួយតុ អាចដាក់ត្រឹម៧នាក់ ហើយបើសិនជាទីតាំងមង្គលការនោះ ទីធ្លាធំ ម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន ដោយអាចអញ្ជើញ៥០០នាក់ ៧០០នាក់ឬ១០០០នាក់តែត្រូវធានាជាចាំបាច់នូវការរក្សាគម្លាត ទៅតាមតុដែលត្រូវបានរៀបចំ ។ ទីកន្លែងធ្វើពិធីទៀតសោតគ្នាតិចឬគ្នាច្រើនក៏ត្រូវធ្វើទៅតាមទំហំទីតាំង ។
សម្ដេចបន្តថា “បើសិនជាយើងកំណត់យក២០០នាក់ គឺមិនស្របទៅតាមទីកន្លែង បើទីតាំងតូចហើយដាក់២០០នាក់និងមិនបានរក្សាគម្លាតក៏មានហានិភ័យ ដូច្នេះសម្ដេចក៏បានផ្ដល់ជាយោបល់និងសម្រេចចិត្តទៅតាមទីកន្លែងដែលមានទំហំធំឬតូច ។ អ្វីដែលពិសេសក៏ត្រូវពិនិត្យរកកាតចាក់វ៉ាក់សាំងឬក៏អញ្ជើញតែភ្ញៀវណាដែលបានចាក់វ៉ាក់សាំងបានពីរដូសរួច និងក្នុងករណីអ្នកដែលមិនបានចាក់ដោយសារការហាមឃាត់របស់គ្រូពេទ្យមិនជាបញ្ហានោះទេ”។
សម្ដេចបន្ថែមថា បងប្អូនជនរួមជាតិ ដែលមានលទ្ធភាព ក្នុងការអញ្ជើញភ្ញៀវចូលរួមអាចអញ្ជើញភ្ញៀវចូលរួមទៅតាមលទ្ធភាព រាប់រយ រាប់ពាន់នាក់ទៅតាមទីតាំងដែលសមស្របតាមការកំណត់របស់ក្រសួងសុខាភិបាល ។ នេះជាការបើកទូលាយបន្ថែមទៀត សម្រាប់ការបើកប្រទេសឡើងវិញ ហើយក៏ដូចជាការរៀបចំនូវពិធីឱ្យបានសមរម្យក្នុងពេលដែលយើងបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ។
អ្នកផ្ដល់សេវាក្នុងពិធីមង្គលការនានាបាននិងកំពុងត្រេកអររីករាយក្រោយពេលរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ និងបើកឱ្យរៀបចំពិធីមង្គលការឡើងវិញ ។
លោក នួន សារី អ្នកផ្ដល់សេវាកម្មសំអាងការ បានឱ្យដឹងថា បន្ទាប់ពីមានការប្រកាសឱ្យរៀបចំពិធីមង្គលការឡើងវិញឃើញថាអ្នកដែលមានបំណងរៀបចំពិធីការជូនកូនប្រុសស្រីក៏បានទំនាក់ទំនងរកសេវាជាបន្តបន្ទាប់ ហើយក្រុមរៀបចំសេវាកម្មក៏បានត្រៀមខ្លួនក្នុងការផ្ដល់ជូនពួកគាត់ផងដែរ ។ ក្រៅពីនោះយើងឃើញថាក្រុមហ៊ុនអ្នកផ្ដល់សេវាកម្មម្ហូបអាហារ ក្រុមអ្នកភ្លេងក៏ចាប់ផ្ដើមមានចំណូលឡើងវិញផងដែរ ៕