រដ្ឋាភិបាលត្រូវការទុន៤៨ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍គំរោងហេដ្ឋារចនាសម្ព័ន្ឋចំនួន៣៣០

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា កម្ពុជានឹងត្រូវការថវិកាប្រមាណ៤៨ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (ATM) ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងមកថា មិនមែនតែប្រទេសកម្ពុជាទេ បើតាមការប៉ាន់ប្រមាណ អាស៊ានទាំងមូលក៏នឹងត្រូវការថវិកាប្រមាណ២១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗរហូតដល់ឆ្នាំ២០៣០ សម្រាប់ការវិនិ​យោគលើហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន ភស្តុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

ក្រៅពីបញ្ជាក់ពីតម្រូវការទុន លោកស៊ុន ចាន់ថុលក៏បានបង្ហាញអំពីលទ្ធផលសំខាន់ៗ និងបញ្ហាអាទិភាពសំខាន់ៗផ្សេងៗរួមមានដូចជា ទី១-ការបញ្ចប់ពិធីសារដើម្បីអនុវត្តកញ្ចប់សន្យាទី១២ ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្រប​ខ័ណ្ឌ​អាស៊ានស្តីពីសេវាកម្ម ទី២ -ការបញ្ចប់ការចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាព អឺរ៉ុប។

ទី៣– ការអនុវត្តពិធីសារទី៧ ស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់គយអាស៊ាននៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសម្រួលដឹកជញ្ជូនទំនិញឆ្លងកាត់ និងទី៤-ការអនុម័តសេចក្តីប្រកាសភ្នំពេញ ស្តីពីការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព និងការធ្វើផែន​ការប្រើប្រាស់ដីក្នុងតំបន់អាស៊ានជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here