ដំណឹងល្អ៖ សម្ដេចតេជោប្រកាសបើកឱ្យភ្ញៀវទេសចរ និងវិនិយោគិនបរទេសចូលមកកម្ពុជា ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

0

ដោយមករា

ភ្នំពេញ ៖ ដើម្បីសម្រួលដល់ការបើកប្រទេសឡើងវិញ និងសម្រួលដល់ភ្ញៀវទេសចរបរទេសដែលចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបើកឱ្យភ្ញៀវទេសចរបរទេសចូលមកកម្ពុជា ដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៀតឡើយ ខណៈពីមុនកម្ពុជាប្រកាសថាភ្ញៀវទេសចរបរទេសដែលចូលកម្ពុជាតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងរយៈពេលកំណត់ណាមួយ ។

សម្ដេចតេជោបានមានប្រសាសន៍ក្នុងសារជាសំឡេងនៅរសៀលថ្ងៃទី១៤ វិច្ឆិកា២០២១ថា ដើម្បីសម្រួលដល់បងប្អូនយើងដែលកំពុងរស់នៅក្រៅប្រទេស ចង់មកលេងស្រុកទេដើម្បីជួបជុំក្រុមគ្រួសារ និងសម្រួលដល់វិនិយោគិនដែលមកដល់ក្នុងព្រះរាជាណាចក្រកម្ពុជា យើងនឹងកែសម្រួលដល់លក្ខខណ្ឌមួយចំនួនចំពោះបរទេស ឬជនជាតិខ្មែររស់នៅក្រៅប្រទេសចូលកម្ពុជា ។

សម្ដេចបានមានប្រសាសន៍បន្តថា យើងអនុញ្ញាតឱ្យទេសចរ និងវិនិយោគដែលចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលចូលមកនិងមិនចាំបាច់ធ្វើចត្តាឡីស័ក តែសម្រាប់ជនបរទេសជាវិនិយោគិន ឬទេសចរ និងប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស មិនទាន់ចាក់វ៉ាក់សាំង ហើយពេលចូលមកដល់កម្ពុជានឹងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ។

សម្ដេចបន្ថែមថា អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាស ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកម្ពុជា ទាំងរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ តម្រូវឱ្យយកសំណាក និងធ្វើតេស្តនៅម៉ាស៊ីន PCR ។ ក្នុងរយៈពេលនៃការរង់ចាំនៃការធ្វើតេស្ត រកមេរោគកូវីដ១៩ អ្នកទាំងនោះត្រូវរង់ចាំនៅតាមទីតាំងកន្លែងស្នាក់នៅរបស់ខ្លួន ។ បើសិនជាប្រជាជនកម្ពុជាត្រូវរង់ចាំនៅតាមផ្ទះរបស់ខ្លួន បើជាជនបរទេសមានកន្លែងស្នាក់នៅរបស់ខ្លួនក៏ត្រូវរង់ចាំទំរាំចេញលទ្ធផលផងដែរ ។

សម្ដេចថា៖ «បើសិនជាលទ្ធផលចេញមកមិនមានកូវីដ១៩ទេ អ្នកទាំងនោះអាចចេញធ្វើដំណើរ ទៅតាមទីកន្លែងនានាដែលខ្លួនចង់ទៅបានតាមចិត្ត »។

ធ្វើដូច្នេះនឹងសម្រួលដល់ប្រជាជនកម្ពុជាទៅក្រៅប្រទេសហើយត្រលប់មកវិញដោយមិនចាំបាច់ធ្វើចត្តាឡីស័ក តែអ្វីដែលត្រូវបំពេញគ្រាន់តែរង់ចាំលទ្ធផលនៃការធ្វើតេស្តរកកូវីដ១៩ប៉ុណ្ណោះ នៅតាមផ្ទះឬទីកន្លែងស្នាក់នៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here