ប្រមុខរដ្ឋាភិបាលកម្ពុជា-ចិនជំរុញទំហំពាណិជ្ជកម្មឱ្យបានដល់ ១០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ជាថ្មីម្ដងទៀត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្ដេជ្ញាក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន១០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងពេលឆាប់ៗខាងមុខនេះ។

ការប្ដេជ្ញារបស់ភាគីធ្វើឡើង ក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោកលី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូកាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកា២០២១ ។

ការប្ដេជ្ញានឹងជំរុញឱ្យបាន១០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំក៏ធ្វើឡើងក្នុងពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ចិន នឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះដែររ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ ពីការបង្កើតបក្សកុម្មុយនិស្តចិន កាលពីខែ កក្កដា ឆ្នាំ២០២១ និងបានកោតសរសើររដ្ឋាភិបាល និងប្រជាជនចិនលុបបំបាត់ទាំងស្រុង នូវភាពទីទាល់ក្រក្នុងសង្គមចិន និងបានអបអរសាទរផងដែរ ចំពោះកំណើនសេដ្ឋកិច្ចចិន ៩,៨ភាគរយ សម្រាប់រយៈពេល៩ខែដំបូង នៅឆ្នាំ២០២១ ហើយសម្តេចជឿជាក់ថា ក្រោមការដឹកនាំរបស់ ប្រធានាធិបតីស៊ី ជីនពីង និងការចូលរួមដោ ថ្នាក់ដឹកនាំចិន នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាឡើង។

នៅក្នុងជំនួបនេះ សម្ដេចតេជោ និងលោក លី ខឺឈាំង បានពិភាក្សាគ្នាទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។

ក្នុងក្របខណ្ឌទ្វេភាគី សម្តេចតេជោ និងលោក លី ខឺឈាំង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាកសិកម្ម និងបញ្ហា ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។ ដោយឡែក លើវិស័យកសិកម្ម លោក លី ខឺឈាំង បានយល់ស្របនឹងជំរុញឲ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណា ពិភាក្សា ចរចាគ្នា លើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់តែម្ដង តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន គប្បីណាទាក់ទាញធ្វើឱ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង។

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ែន សុវិជាតិ ក៏បានរំពឹងថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិនចូលជាធរមាននឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារបានកាន់តែច្រើនជាងមុន នឹងអាចធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជានិងចិនកាន់តែមានសន្ទុះនិងទំហំធំឡើង។

លោកបន្តថា មិនតែប៉ុណ្ណោះ កម្ពុជាក៏អាចទទួលបានវិនិយោគចិន ចូលវិនិយោគកាន់តែច្រើនបន្ថែមទៀតផងដែរ ខណៈបច្ចុប្បន្នចិនគឺជាវិនិយោគធំជាងគេទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here