ដោយៈជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាបានអះអាងថា អ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគចិន បានចាប់ផ្តើមត្រលប់មកកម្ពុជា ឡើងវិញបណ្តើរៗហើយ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកាកន្លងមកថា រហូតមកទល់ពេលនេះ អ្នកវិនិយោគបរទេស ពិសេសអ្នកវិនិយោគចិនបានចាប់ផ្តើមវិលត្រលប់មកកម្ពុជាឡើងវិញហើយ។
លោកបន្តថា “អ្នកវិនិយោគចាស់ៗ ដែលមានគំរោងនៅកម្ពុជា និងអ្នកវិនិយោគដែលមានគំរោងចង់វិនិយោគនៅកម្ពុជា បានវិលត្រលប់មកវិញ ពិសេសអ្នកវិនិយោគចិន ជប៉ុនជាដើម”។ លោកបន្តថា “ជាមួយគ្នានេះ អ្នកវិនិយោគជប៉ុនកាន់តែច្រើននឹងវិនិយោគនៅកម្ពុជា ដោយសារទីផ្សារកម្ពុជាមានភាពទាក់ទាញ ហើយពួកគេមិនបោះបង់ទីផ្សារនេះទេ”។
ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការអនុញ្ញាត្តឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់ប្រទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកដំណើរអន្តរជាតិចង់បាន។ លោកបន្តថា ការដែលថ្នាក់ដឹកនាំលើកលែងការធ្វើចត្តាឡីស័កនេះ ឆ្លុះបញ្ចាំងពីការធ្វើយុទ្ឋនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានទទួលជោគជ័យ និងអាចគ្រប់គ្រងជំងឺនេះបានហើយ ទើបសម្តេចបើកបែបនេះ។
លោកបន្តថា “នេះជាឱកាសល្អហើយ ដែលយើងអាចទទួលទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគបរទេសអាចចូលមកកាន់កម្ពុជា ដែលពួកគាត់បានទន្ទឹងរង់ចាំជាយូរមកហើយ”។លោកបន្តថា “អ្នកវិនិយោគខ្លះបានទទួលការអនុម័តគំរោងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ តែដោយសារជំងឺកូវីដពួកគេមិនហ៊ានធ្វើដំណើរ ដូច្នេះការបើកទូលាយនេះ ពួកគាត់នឹងមកកាន់កម្ពុជាឡើងវិញហើយ”៕