សម្ដេចតេជោៈវិបត្តិកូវីដ១៩គឺជាច្រកនៃកាលានុវត្តភាពសម្រាប់កែទម្រង់លើប្រព័ន្ធសេដ្ឋកិច្ច

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា នៅរាល់វិបត្តិដែលកើតឡើងមាន តែងតែបង្កប់នូវកាលនុវត្តភាព ដែលយើងមិនត្រូវមើលរំលងនោះឡើយ។

សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៦ វិច្ឆិកា២០២១នេះ ជំងឺកូវីដ១៩គឺជាច្រកនៃកាលានុវត្តភាពសម្រាប់ការកែទម្រង់លើប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជា អាទិភាព នានាសម្រាប់ដំណើរការអភិវឌ្ឍរបស់យើង។

សម្ដេចមានប្រសាសន៍ថា “ការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គ់ង និងផលិតកម្ម សន្ទុះដ៏លឿននៃបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចចក្រា និងកំណើនបៃតង គឺជាកាលានុវត្តភាពសេដ្ឋកិច្ចនៅក្នុងគន្លងប្រក្រតីភាពថ្មី ដែលប្រទេសទាំងអស់ត្រូវតែចាប់យកឱ្យខាងតែបាន”។

សម្តេចបន្តថា ក្នុងន័យនេះ ការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្នុងបរិបទនៃការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី និងបញ្ចូលនូវនិន្នា​ការទាំងនេះ ជារបៀបវារៈនៃការកែទម្រង់របស់យើង ហើយយើងមានសុទិដ្ឋិនិយមថា និន្នាការទាំងនេះ នឹងក្លាយទៅជាអត្តសញ្ញាណរួម នៃការងើបឡើងវិញរបស់ពិភពលោកនៅក្រោយវិបត្តិ ។

សម្ដេចបន្តទៀតថា “យើងមិនមានពលវេលាច្រើននោះទេ ពោលគឺយើងនៅសល់ពេលត្រឹមតែ៩ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព តាមការគ្រោងទុក”។ សម្តេចបន្ថែមថា “នាកាលៈទេសៈបច្ចុប្បន្ននេះ មានតែការកៀរគរ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ក្រោមសាមគ្គីភាពជាធ្លុងមួយ ជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះ ទើបយើងអាចសម្រេចបាននូវការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ មុននឹងឈានទៅដល់ការសម្រេចបានគោលដៅ អភិវឌ្ឍន៍នេះ” ។

ការណ៍នេះ ក៏ទាមទារឱ្យមានជាចាំបាច់នូវស្មារតី សេរីភាវូបនីយកម្មដ៏ស្វាហាប់ លើផ្នែកពាណិជ្ជកម្ម និងការវិនិយោគក៏ដូចជាការរក្សាបានលំនឹង ខ្សែច្រវាក់ផ្គត់ផ្គង់និងផលិតកម្មសំដៅតភ្ជាប់ និងជំរុញសមាហរណកម្មនៃសេដ្ឋកិច្ចនៅក្នុងតំបន់ និងអន្តរតំបន់ ឱ្យកាន់តែមានភាពស៊ីជំរៅបន្ថែមទៀត ។

សម្ដេចបន្ថែមថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី -អឺរ៉ុប នាថ្ងៃនេះ គឺជាសញ្ញាដ៏រឹងមាំមួយដែលសបញ្ជាក់ថា យើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ឈានឆ្ពោះទៅរករបៀបវារៈជាអាទិភាពនៃយន្តការពហុភាគីនិយម ហើយសម្ដេចជឿជាក់ថា គណៈប្រតិភូទាំងអស់នឹងបញ្ចេញនូវគតិបណ្ឌិត មតិយោបល់និងគំនិតផ្ដួចផ្ដើមនានា ដើម្បីជំរុញឱ្យកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប នេះទទួលបាននូវលទ្ធផលជោគជ័យជាទីមោទនភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here