អ្នកជំនាញមានសុទិដ្ឋិនិយមពីការភ្ជាប់ជើងហោហើរត្រង់ពីក្រុងប៉េកាំងមកក្រុងភ្នំពេញ

0

ដោយដែន ចែងចាំង

ភ្នំពេញ: ក្រុមអ្នកជំនាញទេសចរណ៍ បានសម្តែងសុទិដ្ឋិនិយមពីការភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ តាមរយៈការអាកាសចរណ៍Air China នាដើមខែវិច្ឆិកាខាងមុខនេះ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានមានប្រសាសន៍តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ សីហានេះថា ទោះបីសព្វថ្ងៃមានការហោះហើរត្រង់ពីប្រទេសចិន មកម្ពុជាជាង១០ក្រុមហ៊ុនរួចហើយក្ដី តែជើងហោះហើរត្រង់ថ្មីនេះ នឹងស្រូបយកភ្ញៀវទេសចរចិនកាន់តែច្រើនមកកម្ពុជា  ព្រោះថាខេត្តនីមួយៗរបស់ប្រទេសចិន មានមនុស្សរស់នៅរាប់លាននាក់។ លោកបន្តថា ក្រៅពីផ្ដល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរចិនមកកាន់កម្ពុជា លោកបញ្ជាក់ដែរថា វាជាការបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក៏ដូចជា ទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជាបន្ថែម ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា អោយកាន់តែប្រសើរផងដែរ។

-->

លោកបន្តថា វាក៏ផ្ដល់ភាពងាយស្រួល សម្រាប់ប្រជាជនកម្ពុជាផងដែរ ស្របពេលសព្វថ្ងៃប្រជាជនកម្ពុជា បានចេញទៅកំសាន្តនៅប្រទេសចិនមានការកើនឡើងផងដែរ

ជាមួយគ្នានេះ ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានបញ្ជាក់ថា រាល់ការតភ្ជាប់ត្រង់ពីទីក្រុងធំៗមកកាន់កម្ពុជា សុទ្ធតែជាចំណុចវិជ្ជមានយើងស្វាគមន៍ទាំងអស់ឲ្យតែមានការហោះហើរត្រង់មកកម្ពុជា មកកាន់តែច្រើនកាន់តែល្អ

លោបន្តថា ការតភ្ជាប់ត្រង់នាពេលខាងមុខនេះ មិនត្រឹមតែជំរុញអោយមានភ្ញៀវទេសចរចិនមកកម្ពុជាមានការកើនឡើងនោះទេ វាថែមទាំងនាំមកពាណិជ្ជនិងការវិនិយោគបន្ថែមមកកម្ពុជាផងដែរ។ លោកបន្តថា ការហោះហើរត្រង់ពីទីក្រុងប៉េកាំង ក៏ដូចជាទីក្រុងធំៗដទៃទៀត ផ្ដល់ផលចំណេញជាច្រើនដល់កម្ពុជា ជាពិសេសការចំណាយរបស់ភ្ញៀវទេសចរ ដោយពួកគេមិនបានចំណាយថវិកានៅប្រទេសណាមួយនៅពេលមានការឈប់ចតនោះទេ ដោយថវិការទាំងអស់នឹងត្រូវចំណាយ នៅប្រទេសកម្ពុជាទាំងអស់

តាមគំរោងក្រុមហ៊ុនអាកាសចរណ៍Air Chinaនឹងបើកការហោះហើរត្រង់មួយសប្តា​ហ៍បីលើករវាងប៉េកាំង និងរាជធានីភ្នំពេញ។

រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិន ឲ្យបានពីរលាននាក់នៅឆ្នាំ២០២០ខាងមុខ ហើយគំរោងនេះកំពុងទទួលបានជោគជ័យលើសការគ្រោងទុក៕