ដោយៈវឌ្ឍនៈ
ភ្នំពេញៈ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើសុំឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជាជួយផ្សព្វផ្សាយ និងជំរុញអ្នកវិនិយោគជប៉ុន មកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនឡើងថែមទៀត បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ មានការធូរស្បើយ។
លោកបានមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូចជប៉ុននៅថ្ងៃទី១៦ វិច្ឆិកានេះ ដោយលោកបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេស ដើម្បីទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំង គ្រប់ដូសតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយគ្រាន់តែតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ មិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ ។
លោកគួច ចំរើន បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលជប៉ុន និងបន្តចែករំលែកបទពិសោធ បច្ចេកទេសដល់កម្ពុជា ពិសេសខេត្តព្រះសីហនុ ជាត្រីវិស័យក្នុងការចូលរួមអភិវឌ្ឍខេត្តព្រះសីហនុនាពេលខាងមុខ។
ក្នុងឱកាសនោះលោកមីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ដោយភាគីទាំង២នឹងបន្តកិច្ចសហការ ពិសេសជួយជំរុញក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ដោយខេត្តព្រះសីហនុ មានផ្លូវស្អាត កាកសំណល់ត្រូវបានដោះស្រាយ ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរៀបចំផែនការមេអភិវឌ្ឍខេត្ត ដើម្បីប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង វាមានសារ:សំខាន់ក្នុងការទាញវិនិយោគ មកកាន់ខេត្តព្រះសីហនុកាន់តែច្រើននាពេលខាងមុខ ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះឱ្យដឹងថា គិតត្រឹមដំណាច់ខែតុលា២០២១ កម្ពុជាទទួលគម្រោវិនិយោគជប៉ុនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនយន ១៤៦គម្រោង ដោយមានទុនវិនិយោគសរុបប្រមាណ២,៨៥ពាន់លានដុល្លារអាមេរិក ក្នុងនោះគម្រោងចំនួន៦៦មានទីតាំង ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងមានទុនវិនិយោគប្រមាណ៣៤០លានដុល្លារអាមេរិក៕