ដោយៈជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានបន្តផ្តល់កម្ចីសម្បទាន ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ ដើម្បីពង្រីកលើសាងសង់កំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ជាការពង្រីកមូល ដ្ឋាននៃការដឹកជញ្ជូនរបស់កម្ពុជា។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងដូច្នេះក្នុងពេលចុះទស្សនកិច្ចនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយលោកលូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ វិច្ឆិកា កន្លងមកនេះ។
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើស្ថានភាពបច្ចុប្បន្ន និងផែនការអនាគតរបស់កំពង់ផែ រួមទាំងគម្រោង ODA របស់ជប៉ុន និងការប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស (SEZ) ផងដែរ។
លោកទូតបានសន្យាថា “នឹងបន្តជួយអភិវឌ្ឍកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាស ម្ព័ន្ធគ្រប់គ្រងសំរាម ក៏ដូចជាបរិស្ថាន ក្នុងខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីឆ្លើយតបទៅកំណើនសក្ដានុពលនៃខេត្តនេះនាពេលអនាគត”។
សម្រាប់ជំហានទី១នេះ ជប៉ុនផ្ដល់កម្ចីជាង២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី ដោយការសាងសង់អាចនឹងផ្ដើមនៅឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងារកំពុងគូសប្លង់។
យោងតាមផែនការឆ្នាំ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នឹងមានការអភិវឌ្ឍសរុប៥ជំហាន។
ក្រៅពីបានពិនិត្យកំពង់ផែ ជប៉ុនក៏បានចុះទៅពិនិត្យទីតាំង គ្រប់គ្រងសំណល់មួយចំនួនក្នុងក្រុងព្រះសីហនុ ជាមួយនឹងក្រសួងបរិស្ថាន និងUNDP ប្រចាំកម្ពុជា។ ជប៉ុនប្ដេជ្ញាទៀតថា នឹងបន្ដគាំទ្រគម្រោងទប់ស្កាត់ សំណល់ប្លាស្ទិកក្នុងសមុទ្រ ទិសដៅលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្រុងព្រះសីហនុ៕