ប្រធានាធិបតីចិនព្រមានចូ បៃឌិន លើចលនាទាមទារឯករាជ្យតៃវ៉ាន់មិនឲ្យផ្លោះរំលងបន្ទាត់ក្រហម

0

ដោយៈ សុធារី

អន្តរជាតិៈ ក្នុងជំនួបតាមប្រព័ន្ធវីដេអូប្រមាណជាង៣ម៉ោង នៅថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ ក្នុងនោះប្រធានបទក្តៅគគុកបំផុត ត្រូវបានគេមើលឃើញថា ជាបញ្ហាពាក់ព័ន្ធកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

សេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា “លោកប្រធានា​ធិបតី ចូ បៃដិន បានលើកឡើងនូវក្តីបារម្ភ អំពីបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង តំបន់ទីបេ និងទីក្រុងហុងកុង ហើយលោកថែមទាំងបានប្រាប់លោក ស៊ី ជិនពីង ថា សហរដ្ឋអាមេរិកនៅតែគោរព គោលនយោបាយចិនតែមួយទាក់ទងនឹងតៃវ៉ាន់”។

ក្រៅពីនេះ មេដឹកនាំទាំងពីរ ក៏បានសន្យាធ្វើការជាមួយគ្នា លើបញ្ហាផ្នែកថាមពល និងអាកាសធាតុផងដែរ។
បើតាមសេចក្តីរាយការណ៍របស់កាសែតដដែលបានឲ្យដឹងថា លោកស៊ី ជិនពីង បានឆ្លើយតបប្រាប់លោក ចូ បៃដិន វិញថា ប្រទេសចិននឹងចាំបាច់ត្រូវចាត់វិធានការម៉ឺងម៉ាត់ ប្រសិនបើចលនាទាមទារឯករាជ្យរបស់តៃវ៉ាន់ ហ៊ានឈានជើងផ្លោះរំលងខ្សែបន្ទាត់ក្រហម។

លោកស៊ី បានសង្កត់ធ្ងន់ប្រាប់លោក បៃដិនថា “ការគាំទ្ររបស់អាមេរិក ចំពោះចលនាឯករាជ្យតៃវ៉ាន់ នឹងប្រៀបដូចជាការប្រលែងលេងជាមួយភ្លើងយ៉ាងដូច្នោះ”។

ជាមួយគ្នានេះ មេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរ ក៏បានលើកឡើងពីភាពទទួលខុសត្រូវរៀងៗខ្លួន សម្រាប់ពិភពលោក ដើម្បីបញ្ចៀសសង្រ្គាម។

លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នេះថា “សម្រាប់លោក ក្នុងនាមជាមេដឹកនាំចិន និងសហរដ្ឋអាមេរិក គឺត្រូវធានាឲ្យបានថា ការប្រកួតប្រជែងរវាងប្រទេសយើង នឹងមិនប្រែក្លាយទៅជាការផ្ទុះសង្រ្គាមឡើយ ទោះដោយចេតនាឬអចេតនាក៏ដោយ”។

ចំណែក លោកស៊ី បានថ្លែងថា “ក្នុងនាមជាមហាអំណាច សេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក និងជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រទេសចិន និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here