សម្តេចតេជោអញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិន ប្រភេទស៊ីណូវ៉ាក់ ចំនួន២លានដូសបន្ថែមទៀត នៅក្នុងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកដល់ប្រទេសកម្ពុជា។ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១កន្លងទៅ វ៉ាក់សាំងដែលកម្ពុជាទទួលបានពីប្រទេសចិន ទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុបប្រមាណ៣៤លាន៨សែនដូស។ ក្នុងនោះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប៦លាន៨០ម៉ឺនដូស។ ក្នុងនោះក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន បានផ្តល់ជំនួយចំនួន៥០ម៉ឺនដូស។

គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង ១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានក្លាយទៅជាធាតុដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលឿនជាងផែនការ។ ការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដ៏លឿននេះ បានធ្វើឱ្យកម្ពុជាអាចយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងឈានដល់ការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញដូចពេលបច្ចុប្បន្ននេះ។

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញការប្តេជ្ញាចិត្តមុតមាំថា រដ្ឋាភិបាលនិងប្រជាជនចិន នៅតែបន្តផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខារពេទ្យផ្សេងៗទៀតដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here