ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា វិស័យសំណង់ និងអចលនទ្រព្យ បានផ្លាស់ប្តូរមុខមាត់ទីក្រុងភ្នំពេញ ហើយវិស័យនេះបានគ្របដណ្តប់ ១ភាគ១០នៃផលទុនជាតិសរុប។
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីនិតិវិធីច្បាប់ និងការវិនិយោគវិស័យសំណង់ និងអចលនវត្ថុកម្ពុជា ដែលរៀបចំដោយសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជានាព្រឹកថ្ងៃទី៦ តុលានេះថា ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ក្រសួងសេដ្ឋកិច្ចបានផ្តល់អាជ្ញាប័ណ្ណវិនិយោគ ក្នុងវិស័យសំណង់ចំនួន ២១៣គម្រោង ក្នុងនោះបុរីចំនួន ១៣២គម្រោង និងគម្រោងខុនដូ និងគម្រោងផ្សេងៗជាច្រើនទៀត ដែលមានទុនវិនិយោគសរុបចំនួន ៣៣៧៥លានដុល្លារអាមេរិក។

-->
លោកជំទាវបន្តថា “ការរីកចម្រើនវិស័យសំណង់ ឆ្លុះបញ្ចាំងពីការរក្សាបាននូវសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គម។ លោកជំទាវបន្តថា “វិស័យនេះបានបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើន ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងថា ការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការវិនិយោគក្នុងវិស័យសំណង់ និងអចលនវត្ថុកម្ពុជាកាន់តែល្អប្រសើរថែមទៀត។លោកបន្តថា សមាគមមានសមាជិកចំនួនជាង៤០ក្រុមហ៊ុន ដែលជាក្រុមហ៊ុនវិនិយោគធំ។លោកបន្តថា ការបង្កើតសមាគមនេះ ធ្វើឡើងក្នុងគោលដៅចែករំលែកបទពិសោធន៍គ្នា ដើម្បីស្វែងរកភាពរីកចំរើនក្នុងវិស័យនេះ ក៏ដូចជា តំណាងសម្លេងមួយពីវិស័យឯកជន ដើម្បីធ្វើការកាន់តែជិតស្និទ្ឋនិងលើកជាសំណូមពរពីបញ្ហាប្រឈមនានាជូនរដ្ឋាភិបាលផងដែរ។
យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល ៧ខែឆ្នាំនេះ មានទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារអាមេរិក៕