ទីក្រុងប៉ោយប៉ែត នឹងមានការអភិវឌ្ឍកាន់តែខ្លាំងនាពេលអនាគត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត បាននិងកំពុងទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើនមកកម្ពុជា ដែលជួយជំរុញឲ្យទីក្រុងនេះនឹងកាន់តែរីកចម្រើនខ្លាំងនាពេលអនាគត ហើយវានឹងក្លាយជាទីក្រុងដ៏ធំមួយនាពេលអនាគត។

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Poipet PPSEZ Co. Ltd ដែលជាបុត្រសម្ព័ន្ឋរបស់ Phnom Penh SEZ PLC បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន B. Grimm Power Public Company Limited ដែលជា​សមាជិក​របស់​ក្រុមហ៊ុន B. Grimm Group របស់​ប្រទេស​ថៃ​ ក្នុងការផ្ដល់​សិទ្ធិ​ផ្ដាច់​មុខ​ឲ្យ​ក្រុមហ៊ុន​ថៃ​មួយ​នេះ​ធ្វើ​ការ​អភិវឌ្ឍ និង​ប្រតិបតិ្តការ​សមត្ថភាព​បញ្ជូន​ថាមពល​អគ្គិសនី ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ជាវ​ថាមពល​អគ្គិសនី (PPA) សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PP SEZ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាងសង់​នៅ​ឡើយ។​

ការចុះអនុស្សរណៈនេះ នឹងអនុញ្ញាត្តឲ្យក្រុមហ៊ុនទាំងពីរ​នឹង​ធ្វើ​ការ​សិក្សា​លទ្ធភាព ​សម្រាប់​ការ​សាង​សង់​ខ្សែ​បញ្ជូន ​ថាមពល​ទំហំ២២គី​ឡូវ៉ុល ដែល​មាន​ចម្ងាយ១២,៤​គីឡូម៉ែត្រ ​សម្រាប់​ដំណាក់កាល​ដំបូង​ដែល​ត​ភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ពិសេស​នេះ​ជាមួយ​អនុ​ស្ថានីយ​ចែក​ចាយ​ថាមពល​នៅ​ក្រុង​ប៉ោយប៉ែត​។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​បានថ្លែងថា តាមរយៈការចុះកិច្ចព្រមព្រៀងនេះ លោករំពឹងថាក្រុមហ៊ុនជប៉ុននៅប្រ​ទេសថៃកាន់តែច្រើននឹងមកវិនិយោគនៅកម្ពុជា ដោយសារតំលៃពលកម្មនៅប្រទេ​ថៃឡើងខ្ពស់ និងដោយសារប្រទេសថៃកំពុងជួបការខ្វះខាតលើកំលាំងពលកម្ម ដោ​យសារម៉ាស៊ីនសេដ្ឋកិច្ចរបស់ថៃ បានឡើងដល់កំពូលរួចទៅហើយ។

លោកបន្តថា “ក្រុ​មហ៊ុនវាយភ័ណ្ឌនៅប្រទេសថៃមានជាង២០០០ក្រុមហ៊ុន ពួកគេនឹងមកពង្រីកផលិត​កម្មនៅកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងនៃការបញ្ជូនបណ្តាញអគ្គិសនីប្រកប​ដោយគុ​ណភាពមកពីប្រទេសថៃ”។

លោកបន្តថា ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីថៃនេះ ជាក្រុមហ៊ុនឈានមុខគេមួយ ខ្លាំងជាងគេមួយក្នុងការចែកចាយបណ្តាញអគ្គិសនី ពេលក្រុមហ៊ុននេះទៅកាន់ទីណា​ក្រុមហ៊ុនជប៉ុននឹងទៅកាន់ទីនោះជាមួយគ្នា ហើយតាមរយៈអនុស្សរណៈនេះខ្មែរ​ក៏ចំណេញ ថៃក៏ចំណេញ តាមរយៈការសហការគ្នាក្នុងរូបភាពកម្ពុជាជាកូនពៅ ថៃជាកូនច្បង ហើយជប៉ុនជាអ្នកមកវិនិយោគ។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា “គំរោងនេះមិនផ្តល់ផលចំណេញតែផ្នែក​សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ផលចំណេញដល់សង្គមផងដែរ តាមរយៈការកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់ប្រទេសថៃ ដូច្នេះរដ្ឋាភិ​បាលគួរតែជំរុញការងារនេះបន្តទៀត ព្រោះនេះជាផ្នែកមួយនៃការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ២០២៥”។

លោក​ស្រីលឹម ឈីវហូ ប្រធាន​ក្រុមហ៊ុន Phnom Penh SEZ PLCបានថ្លែងថា  កិច្ច​ព្រមព្រៀង​ថាមពល​នេះ ​នឹង​ជួយ​ឲ្យ​មានការ​អភិវឌ្ឍ​កាន់តែ​ធំ​នេះ ផលិតកម្ម​ជំនាញ​ខ្ពស់​ដូច​ជា​គ្រឿង​អេឡិចត្រូនិក​ជា​ដើម នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PP SEZ នេះ​។ លោក​ស្រី​បន្ថែម​ថា ក្រុមហ៊ុន​កំពុង​សម្លឹងមើល​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ផលិតកម្ម​របស់​ប្រទេស​ជប៉ុន​ដែល​ត្រូវការ​អគ្គិសនី ដែល​ក្រុមហ៊ុន​ភាគ​ច្រើន​ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ​ប្រតិបត្តិការ​រួច ​ហើយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។

បច្ចុប្បន្នទីក្រុងប៉ោយប៉ែតបាននិងកំពុងរីកចម្រើន ដោយសាការសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារទំនើប និងការអភិវឌ្ឍបុរីលំនៅដ្ឋាននៅតំបន់នេះកើនឡើងកាន់តែច្រើន។

លោក លាងគង់ យិន ស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia បានថ្លែងថា ការរីកចម្រើននៃក្រុងប៉ោតប៉ែត មិនទាន់អស់សក្តានុពលនៅឡើយទេ ដោយសារទីក្រុងនេះមាន​កត្តាជាច្រើនដែលងាយទាក់ទាញការវិនិយោគពីបរទេស សមស្របនឹងអ្វីជាគោលនយោបា​យអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល ដែលបានដាក់បញ្ចូលក្រុងប៉ោតប៉ែតជាតំបន់ឧស្សាហកម្មពិសេសមួយ ដូចគ្នានឹងខេត្តព្រះសីហនុ។

លោកបន្តថា ហេតុផលដែលក្រុងប៉ោយប៉ែតរីកចម្រើនខ្លាំង ដោយសារកត្តាមួយចំនួនដូចជា ទី២ កត្តាភូមិសាស្រ្ត ព្រោះក្រុងប៉ោយប៉ែតមានទីតាំងជាប់ជាមួយប្រទេសថៃ ដែលងាយនឹងទាក់ទាញការវិនិយោគពីប្រទេសថៃ និងអ្នកវិនិយោគបរទេសនៅប្រទេសថៃ មកវិនិយោគនៅទីក្រុងនេះ ដោយសារកំលាំងពលកម្មនៅកម្ពុជាមានតម្លៃទាប ទី២ កំនើនប្រជាសាស្រ្ត មានន័យថា​នៅទីណាមានមនុស្សរស់នៅច្រើន នឹងមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មកើនឡើង ទី៣ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ ដែលបច្ចុប្បន្នរដ្ឋាភិបាលកំពុងពង្រីកផ្លូវជាតិលេខ៥ ចេញពីក្រុងភ្នំពេញឆ្ពោះទៅកាន់ទីក្រុងនេះ ទី៤ ការតភ្ជាប់ខ្សែរថភ្លើងរវាងប្រទេសថៃ និងកម្ពុជា ដែលជាខ្សែរថភ្លើង​តភ្ជាប់និងសមាហរណកម្មផ្ទៃក្នុងអាស៊ាន។ ខ្សែរថភ្លើងនេះនឹងនាំមកនូវភ្ញៀវទេសចរណ៍ ការដឹកជញ្ជូន លំហូរពាណិជ្ជកម្ម និងការវិនិយោគជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here