ដោយៈ ជេស៊ីកា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកបង្ហាញភាពជោគជ័យរបស់កម្ពុជាលើការគ្រប់គ្រងជំងឺកូវីដ១៩ និងសក្តានុពលមួយចំនួន ដែលជាអំណោយផលដ៏ប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។
ថ្លែងក្នុងពិធីបើកវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប” លើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់ទាក់ទាញការវិនិយោគ និងការធ្វើធុរកិច្ច។ វេទិកានេះ មានការចូលរួមពីអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចជាច្រើននៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។

-->
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំ និងដាក់ឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អប្រព័ន្ធដឹកជញ្ជូន ទាំងផ្នែកទន់ និងរឹង ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។
ក្នុងវេទិកាដែលកម្ពុជារំពឹងថា ជាឱកាសសម្រាប់ក្រសោបបេះដូងអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចនៅតំបន់អាស៊ី និងអឺរ៉ុបនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកបង្ហាញផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាន នាពេលឆាប់ៗខាងមុខ។
សម្តេចតេជោ ហ៊ុន សែនថ្លែងបន្តថា “ការវិវត្តជាវិជ្ជមានខាងលើនេះ កំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពលនៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីតំបន់អឺរ៉ុប”។
ក្នុងសុន្ទរកថាបើកវេទិកា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតមួយនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការធ្វើធុរកិច្ច។ ដូច្នេះការយកឈ្នះលើជំងឺឆ្លងសាកលមួយនេះ គឺជាការនាំមកនូវអំណោយផលខ្ពស់សម្រាប់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការធ្វើធុរកិច្ចផងដែរ។
សម្តេចតេជោ បានជម្រាបវេទិកាដ៏មានសារៈសំខាន់នាព្រឹកថ្ងៃនេះថា ជាមួយការគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ហើយនោះ រាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបាន ក្នុងអត្រាជាង ៨៨ភាគរយ នៃចំនួនប្រជាជន ក្នុងប្រទេសសរុប ១៦លាននាក់ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រៅតែពីបង្ហាញនូវភាពជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែលំអលើវិស័យនានា ដើម្បីទាក់ទាញអ្នកវិនិយោគ និងជួយសម្រួលដល់ការធ្វើធុរកិច្ច៕