ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ប្រមុខកាទូតជាន់ខ្ពស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រាប់មន្រ្តីជាន់ខខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកថា កម្ពុជាចង់ឃើញការចូលរួមប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកម្ពុជា-អាមេរិក ដែលនឹងបង្កើនទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។
ការបង្ហាញអំពីជំហរកម្ពុជា បានធ្វើឡើងក្នុងការសន្ទនាតាមទូរស័ព្ទរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយ លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ។
យោងតាមសេចក្តីប្រកាសក្រសួងការបរទេសបញ្ជាក់ថា ទន្ទឹមនឹងការថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយដល់កម្ពុជាលើវិស័យនានា លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹម ចង់ឃើញការចូលរួមប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនឹងបង្កើនទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។
កន្លងទៅសហរដ្ឋអាមេរិក តែងវាយប្រហារកម្ពុជាជាបន្តបន្ទាប់ តាមវិស័យសារព័ត៌មាន និងវិស័យមួយចំនួនទៀត។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដោយឯកតោភាគីលើ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថា ជាការអនុវត្តច្បាប់ Global Magnitsky។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការ ចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ។
សេចក្តីប្រកាសព៌តមានបានឲ្យដឹងទៀតថា ក្នុងការសន្ទនាតាមទូរស័ព្ទដដែលនេះ ភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យដែលមានសក្តានុពល។
លោកឧបនាយករដ្ឋមន្ត្រី និងលោកទីប្រឹក្សា Chollet ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវឌ្ឍនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនានា ដូចជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ស្ថានភាពនៅឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា ។ល៕