ដោយគង់ សូរិយា
ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងគុណភាព និងបទដ្ឋានសំណង់នៅកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនេះ អគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា ប្រកាសបើកជាចំហរក្នុងគោលបំណងជួយពង្រឹងជំនាញ និងបច្ចេកទេសផ្នែកស្ថាបត្យកម្ម និងសំណង់។
លោកបណ្ឌិតភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ឲ្យដឹងក្នុង សន្និសីទសារព័ត៌មានស្តីពីការរៀបចំពិរព័ណ៍ បង្ហាញទស្សនៈវិស័យក្នុងការសាងសង់ ទីក្រុងវៃឆ្លាតរបស់កម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨កន្លងមកថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដោយយើងសង្កេតឃើញថា មានអគារខ្ពស់ៗជាច្រើនដែលបានរីកដុះដាលឡើង រួមជាមួយការរចនាម៉ូតយ៉ាងល្អប្រណីតទាន់សម័យ ក្នុងនោះវិស័យសម្ភារៈសំណង់ ក៏ត្រូវដើរតួរយ៉ាងសំខាន់ផងដែរ ព្រោះអគាររឹងមាំគឺអាស្រ័យទៅលើសម្ភារៈ សំណង់ទាំងនោះ ជាសម្ភារៈសំណង់ដែលមានគុណភាព និងផ្តល់សុវត្ថិភាពពិតប្រាកដ។
 
             
 
 
 

 
 
 







 
 
