ដោយៈសុខុម
តូក្យូៈ ក្រុមហ៊ុនជប៉ុន Nissan Motor Co បានប្រកាសនៅថ្ងៃច័ន្ទ ទី២៩ វិច្ឆិកា នេះថា ខ្លួនមានគម្រោងបោះទុនវិនិយោគ រហូតដល់ទៅ២ទ្រីលានយ៉េន (១៧,៥៩ពាន់លានដុល្លារអាមេរិក) នៅរយៈពេល៥ឆ្នាំក្រោយ ដើម្បីពន្លឿនការផលិតរថយន្តអគ្គិសនី (EV)។ យោងតាមការចុះផ្សាយឱ្យសារព័ត៌មាន CNA។
ការប្រកាសនេះធ្វើឡើង ស្របពេលក្រុមហ៊ុននេះ ប្រឈមនឹងការរឹតបន្តឹងកាន់តែខ្លាំង ជុំវិញការបំភាយឧស្ម័នកាបូនចូលទៅក្នុងបរិយាកាស ដែលជំរុញឱ្យតម្រូវការរថយន្តអគ្គិសនី និងរថយន្ត Hybrid មានសន្ទុះកើនឡើងគួរឱ្យសម្គាល់។
ក្រុមហ៊ុនផលិតរថយន្តធំបំផុតទី៣ របស់ប្រទេសជប៉ុន មួយនេះបានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងបញ្ចេញរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ហើយគ្រោងបញ្ចេញបច្ចេកវិទ្យាអាគុយនៅត្រឹមខែមីនា ឆ្នាំ២០២៩។
ការប្រកាសបោះទុនយ៉ាងច្រើនសន្ធឹក សន្ធាប់របស់ក្រុមហ៊ុន Nissan លើការផលិតរថយន្តដើរដោយថាមពលអាគុយនេះធ្វើឡើង ស្របពេលតម្រូវការរថយន្តបែបនេះកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងទីផ្សាររថយន្តធំៗ ដូចជា នៅប្រទេសចិន និងសហរដ្ឋអាមេរិក និងស្របពេលបណ្ដាគូប្រកួតប្រជែង របស់ខ្លួនបញ្ចេញរថយន្តអគ្គិសនីថ្មីៗ។
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ឱ្យដឹងថា ថ្វីបើចំនួនរថយន្តអគ្គិសនី ដែលបើកបរតាមដងផ្លូវនៅតិចតួចនៅឡើយក្ដី ក៏ការចុះបញ្ជីរថយន្តអគ្គិសនីទូទាំងពិភពលោកក្នុងឆ្នាំ២០២០ បានកើនឡើង៤១% ខណៈទីផ្សាររថយន្តទាំងមូលធ្លាក់ចុះជិត១ភាគ៦។
ទោះជាយ៉ាងណា ក្រុមហ៊ុន Nissan និងក្រុមហ៊ុនផលិតរថយន្តជប៉ុន ដទៃទៀតមិនទាន់បានបានបង្ហាញ ពីការប្តេជ្ញាចិត្តបោះបង់ចោលទាំងស្រុង នូវរថយន្តដើរដោយឥន្ធនៈហ្វូស៊ីល (សាំង និងម៉ាស៊ូត) នៅឡើយទេ។
នៅឯកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្ដីពី អាកាសធាតុនៅទីក្រុង Glasgow ក្នុងខែនេះ ក្រុមហ៊ុនផលិតរថយន្តធំៗ រួមទាំងក្រុមហ៊ុន General Motors និងក្រុមហ៊ុន Ford Motor Co ផងបានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលជំរុញឱ្យក្រុមហ៊ុនទាំងនោះ ប្ដេជ្ញាបញ្ឈប់ការផលិតរថយន្តដើរដោយឥន្ធនៈហ្វូស៊ីល នៅត្រឹមឆ្នាំ២០៤០៕ Reuters៕