ដោយៈសុខុម
រីយ៉ាដ: ក្រុមហ៊ុនប្រេង Aramco នៃប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងបោះទុនវិនិយោគរហូតដល់ទៅ៦៨ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍការដ្ឋានបូមឧស្ម័ន (Gas Field) ទំហំយក្ស Jafurah របស់ខ្លួន។
យោងតាមសារព័ត៌មាន Arab News ចុះផ្សាយនៅថ្ងៃអង្គការ ទី៣០ វិច្ឆិកា នេះឱ្យដឹងថា ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបាននាយកប្រតិបត្តិក្រុមហ៊ុននេះ ប្រកាសក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុង Dhahran ប្រទេសអារ៉ាប៊ីសាអូឌីត។
ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Arab News ជុំវិញថ្លៃចំណាយលើគម្រោងដ៏ធំនេះ លោក Amin Nasser នាយកប្រតិបត្តិក្រុមហ៊ុន Aramco បានលើកឡើងថា ដំណាក់កាលដំបូងនៃគម្រោងនេះ នឹងត្រូវចំណាយ២៤ពាន់លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។
នាយកប្រតិបត្តិក្រុមហ៊ុនរូបនេះបានបន្ថែមថា ដំណាក់កាលទី២ នៃគម្រោងនេះនឹងត្រូវចំណាយអស់៤៤ពាន់លានដុល្លារ។
កាលពីថ្ងៃច័ន្ទ ទី២៩ វិច្ឆិកា ក្រុមហ៊ុន Aramco បានចុះកិច្ចសន្យាដែលមានតម្លៃ១០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកមួយចំនួន ដើម្បីចាប់ផ្តើមដំណើរការអភិវឌ្ឍការដ្ឋានឧស្ម័នខាងលើនេះ។
លោក Amin Nasser បានបញ្ជាក់បន្ថែមទៀតថា កិច្ចសន្យាទាំងអស់នេះគឺជាផ្នែកមួយនៃទំហំទុនវិនិយោគ២៤ពាន់លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ដំណាក់កាលទី១៕ Arab News៕