ខេត្តកោះកុងចាប់ផ្តើមប្រមូលទិន្នន័យតាមបណ្តាកោះ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ និងទាក់ទាញការវិនិយោគ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោកអ៊ុក ភ័ត្រាអភិបាលរងខេត្តបានចាប់ផ្ដើមចុះពិនិត្យ និងប្រមូលទិន្នន័យ តាមបណ្ដាកោះនានា២៣កន្លែង ក្នុងភូមិសាស្រ្តខេត្តកោះកុង ទិសដៅដើម្បីបង្កើនការគ្រប់គ្រង ជំរុញវិស័យទេសចរណ៍ និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែម។

គោលការណ៍ថ្មីនេះ ត្រូវបានដាក់ចេញក្នុងកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធកាលពីសប្តាហ៍មុននេះ។

ជាលទ្ធផលនៃកិច្ចប្រជុំ រដ្ឋបាលខេត្តបានដាក់ចេញនូវផែនការសកម្មភាពធំៗ៣ ចំណុច រួមមានដូចជា ទី១ អង្គភាពនីមួយៗត្រូវសហការគ្នាចុះពិនិត្យ និងប្រមូលទិន្នន័យជាក់ស្តែងនៅតាមទីតាំងកោះនីមួយៗ ដោយយកនូវទិដ្ឋភាពភូមិសាស្ត្រ និយាមកា រូបភាព និងវីដេអូ សំដៅជំរុញវិស័យទេសចរណ៍ និងទាក់ទាញវិនិយោគិនមកដាក់ទុនបន្ថែម។

ទី២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបញ្ជូនមន្ត្រីចុះយកនិយាមកា ដោយប្រើប្រាស់ម៉ាស៊ីនប្រភេទ DGPS និងទី៣ សម្រាប់កាលបរិច្ឆេទនៃការចុះទៅកោះនីមួយៗ ក្រុមការងារថ្នាក់ខេត្ត នឹងធ្វើការជូនដំណឹងលម្អិតបន្ថែមនៅពេលក្រោយ ។

លោកហ៊ាង បុណ្ណា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុងបានឲ្យដឹងថា ក្នុងដំណាក់ដំបូង កោះដែលរដ្ឋសម្លឹងឃើញសក្ដានុពលរួមមាន កោះម្នាស់ កោះស្មាច់ និងកោះកុងក្រៅជាដើម។

លោកបន្តថា យោងតាមទិន្នន័យ មកទល់បច្ចុប្បន្ន ក្នុងចំណោមកោះទាំងអស់ មានតែកោះស្ដេចប៉ុណ្ណោះ ដែលរដ្ឋឱ្យអាជ្ញាបណ្ណដល់ឯកជនចូលទៅអភិវឌ្ឍ។ ដូច្នេះ ផែនកា​រមេស្ដីពីពីទិន្នន័យកោះ ដែលរដ្ឋបាលខេត្តកំពុងតែរៀបចំនេះ អាចនឹងជួយឱ្យយើងដឹងថា កោះណាផ្សេងទៀត ដែលមានសក្ដានុពលអាចវិនិយោគបាននាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here