ដោយ៖សុផារី
បន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៣០,៣៧ភាគរយ ហើយក្រុមហ៊ុនសាងសង់បានប្តេជ្ញាចិត្តថា នឹងបញ្ចប់គម្រោងសាងសង់ច្រកអន្តរជាតិនេះ ទៅតាមផែនការកំណត់។ នេះបើតាមការបញ្ជាក់របស់លោក លោក តាន់ គឹមហួត តំណាងក្រុមហ៊ុនចម្រុះ CM Grand Development និង Tan Kim Eng ដែលជាក្រុមហ៊ុនសាងសង់គម្រោងខាងលើ។

-->
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែល គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោង និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ ដឹកនាំដោយ លោក Perames Vudthitornetiraks ប្រធានស្ថាប័ននីដា និងអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តបន្ទាយមានជ័យ បានប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យដំណើរការនៃគម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺក្នុងន័យតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ នៃអគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ធ្វើយ៉ាងណាត្រូវសម្រេចទៅតាមផែនការទិសដៅ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា និង ថៃ។

ជាមួយគ្នានោះ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័ន នីដា (NEDA) នៃប្រទេសថៃ បានជម្រុញអោយក្រុមហ៊ុនចម្រុះ CM និង TKE ខិតខំអនុវត្តគម្រោងអោយសម្រេចបានតាមផែនការកំណត់ ជាពិសេសត្រូវយកចិត្តទុកដាក់ និងគោរពតាមបទដ្ឋានបច្ចេកទេស និងប្លង់បច្ចេកទេសរបស់គម្រោង។
គម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់និងមិនអាចខ្វះបាន ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន និងកាត់បន្ថយពេលវេលាក្នុងត្រួតពិនិត្យ៕