ប្រមុខកាទូតចិនសន្យាបើកជើងហោះហើរផ្ទាល់មកកម្ពុជា និងលើកទឹកចិត្តភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជា

0

ដោយៈ សុផារី

ប្រទេសចិនៈ លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនបានអះអាងថា ចិននឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់រវាងប្រទេសទាំងពីរ។

លោកបានអះអាងក្នុងកិច្ចពិភាក្សាទ្វេភាគី រវាងលោក វ៉ាង យី និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣ ដល់៥ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី៥ ខែធ្នូនេះ។

លើសពីនេះប្រមុខការទូតចិន ក៏បានសន្យាសម្របសម្រួល ឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ ដោយការពេញចិត្តនូវការរីកចំរើននៃពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសាកលកូវីដ-១៩។

ភាគីទាំងពីរក៏បានសម្តែងការអបអរសាទរ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរីកម្ពុជា- ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅដើមឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងទាំងពីរខាងលើ ដើម្បីជំរុញពាណិជ្ជកម្ម ទេ្វភាគីរវាងប្រទេសទាំងពីរឱ្យដល់១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការអរគុណ ចំពោះការប្តេជ្ញាចិត្តរបស់មិត្តចិន ក្នុងការបង្កើនការនាំចូល កសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិនឲ្យបានកាន់តែច្រើនថែមទៀត។

លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចិន ចំពោះគម្រោងអភិវឌ្ឍន៍ហេ ដ្ឋារចនាសម្ព័ន្ធ និងគម្រោងដទៃទៀត ក៏ដូចជាកិច្ចខំប្រឹងប្រែង ក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺ កូវីដ-១៩ របស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here