ដោយៈសុខុម
ប៉េកាំងៈ ធនាគារកណ្តាលរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃច័ន្ទ ទី៦ ធ្នូ ថា ខ្លួននឹងកាត់បន្ថយចំនួនសាច់ប្រាក់ ដែលធនាគារនានាត្រូវរក្សាទុកក្នុងទុនបម្រុង ហើយការកាត់បន្ថយបែបនេះគឺជាលើកទី២ សម្រាប់ឆ្នាំនេះ ដោយបញ្ចេញសាច់ប្រាក់ដល់ទៅ១,២ទ្រីលានយ័ន (១៨៨ពាន់លានដុល្លារអាមេរិក) សម្រាប់រយៈពេលវែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងបង្អង់ល្បឿន។

-->
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល បានសរសេរបង្ហោះលើគេហទំព័ររបស់ខ្លួនថា ខ្លួននឹងកាត់បន្ថយអនុបាត ប្រាក់បម្រុងកាតព្វកិច្ច (RRR) សម្រាប់ធនាគារនានាចំនួន៥០ពិន្ទុ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ ធ្នូ តទៅ។
សេដ្ឋកិច្ចរបស់មហាយក្សចិន ដែលបានស្ទុះងើបឡើងវិញគួរឱ្យភ្ញាក់ផ្អើល ពីការដាំក្បាលចុះបង្កឡើង ពីការរីករាលដាលវីរុសកូវីដ-១៩ បានបង្អង់ល្បឿង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារវិស័យផលិតកម្មធ្លាក់ចុះ បញ្ហាបំណុលក្នុងទីផ្សារអចលនទ្រព្យ និងការផ្ទុះឡើងវីរុសកូវីដ-១៩ ដ៏រ៉ាំរ៉ៃ។
អ្នកវិភាគមួយចំនួនជឿថា កំណើនសេដ្ឋកិច្ចចិន អាចធ្លាក់ចុះបន្ថែមទៀតក្នុងត្រីមាសទី៤ នេះពី៤,៩%ក្នុងត្រីមាសទី៣ បើទោះបីជាកំណើនពេញមួយឆ្នាំ អាចនឹងរក្សាបានក្នុងអត្រាប្រមាណ៨%ក្ដី។
លោក Wen Bin អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅធនាគារ Minsheng Bank បានលើកឡើងថា “ការកាត់បន្ថយRRR នឹងជួយសម្រាលសម្ពាធ ដែលមានទៅលើសេដ្ឋកិច្ច និងធ្វើឱ្យខ្សែកោងកំណើនសេដ្ឋកិច្ចមានភាពរលូន”។
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “ទោះបីជាមានសម្ពាធតិចតួចនៅក្នុងការសម្រេចគោលដៅ កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះក្ដី ក៏សេដ្ឋកិច្ចនឹងទទួលរងសម្ពាធ និងបញ្ហាប្រឈមធំៗនៅឆ្នាំក្រោយ”។
រដ្ឋាភិបាលចិន បានកំណត់គោលដៅកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំកម្រិតមធ្យម ត្រឹមតែប្រមាណលើ៦%ប៉ុណ្ណោះសម្រាប់ឆ្នាំនេះ។
ការកាត់បន្ថយនេះគឺជាលើកទី២ហើយក្នុងឆ្នាំនេះ បន្ទាប់ពីមានការកាត់បន្ថយទ្រង់ទ្រាយធំ ស្រដៀងគ្នាកាលពីខែកក្កដា។

នាយករដ្ឋមន្ត្រីចិន លោក លី ឃឹឈាង បានគូសបញ្ជាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ការកាត់បន្ថយនេះ គឺជាមធ្យោបាយមួយដើម្បីបង្កើនការគាំទ្រសម្រាប់សេដ្ឋកិច្ច ជាពិសេសក្រុមហ៊ុនតូចៗ៕ Reuters៕