ដោយៈ សុធារី
សៀមរាបៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិ នៃប្រទេសជប៉ុន (JICA) បានប្រកាសពីការដំណើរការចាប់ផ្តើម សាងសង់ជាផ្លូវការនូវអាគារមន្ទីរពេទ្យមួយខ្នង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាគម្រោងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន។
គំរោងនេះត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២០ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន ក្នុងទឹកប្រាក់សរុប២១៥៣លានយ៉េន ឬស្មើនឹង១៨,៩៥លានដុល្លារអាមេរិក។
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ គម្រោងសាងសង់អាគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុន បានបើកដំណើរការជាផ្លូវការហើយ។ ការសាងសង់អាគារព្យាបាល ក្នុងគម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ធ្វើឡើងក្រោមវត្តមានលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់JICA អាគារព្យាបាលថ្មីដែលកំពុងដំណើរការសាងសង់នេះ មានបំណងដើម្បីកែលម្អគុណភាពសេវាថែរទាំសុខភាពនៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកចំនួនបួនផ្សេងទៀត ដោយការសាងសង់អាគារមន្ទីរពេទ្យ និងការផ្តល់ជូននូវគ្រឿងបរិក្ខាពេទ្យ ព្រមទាំងចូលរួមពង្រីកការគ្របដណ្ដប់ លើសេវាថែទាំសុខភាពនៅក្នុងខេត្ត។
អាគារនេះមានទំហំប្រមាណ ជាង៧០០ម៉ែត្រការ៉េ ដាក់គ្រែព្យាបាលអ្នកជំងឺបាន ២១២គ្រែ សម្រាប់ផ្នែកពិគ្រោះជំងឺក្រៅ សង្រ្គោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកផ្សេងទៀត។ លើសពីនេះ គម្រោងនឹងផ្តល់ជូននូវឧបករណ៍វេជ្ជសាស្រ្ដមួយចំនួន ដូចជា ឧបករណ៍ថតកាំរស្មី និងឧបករណ៍អេកូសាស្រ្ដ ក៏ដូចជាសម្ភារៈប្រើប្រាស់ សម្រាប់សាលអាគារនៅក្នុងមន្ទីរពេទ្យផ្ទាល់ និងនៅតាមមន្ទីរពេទ្យស្រុកចំនួនបួនផ្សេងទៀត៕