ការសិក្សា: វិបត្តិកូវីដ-១៩ ធ្វើឱ្យកំពូលអ្នកមានបំផុតក្នុងពិភពលោកកាន់តែមានកប់ពពក ខណៈអ្នកក្រកាន់តែធ្លាក់ដុនដាប

0

ដោយៈសុខុម

ក្រុងឡុងដ៍: ការសិក្សាទ្រង់ទ្រាយធំមួយស្ដីពី វិសមភាពសង្គមបានរកឃើញថា ទ្រព្យសម្បត្តិរបស់កំពូលៗអ្នកមានបំផុត ក្នុងពិភពលោកបានកើនឡើងខ្លាំងមិនធ្លាប់មានជាប្រវត្តិសាស្ត្រ អំឡុងវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃពុធ ទី៨ ធ្នូ នេះ។

របាយការណ៍វិសមភាពសង្គមពិភពលោក (World Inequality Report) របស់ស្ថាប័នសិក្សាស្រាវជ្រាវ World Inequality Lab ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងបានបង្ហាញថាក្នុងឆ្នាំ២០២០ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពាន់លានដុល្លារ (Billionaire) បានកើនឡើងខ្ពស់បំផុត មិនធ្លាប់មានជាប្រវត្តិសាស្ត្រ ខណៈមនុស្សរហូតដល់ទៅ១០០លាននាក់បានធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង។

របាយការណ៍ដដែលបញ្ជាក់ថា អ្នកមានៗបំផុតដែលមានចំនួនស្មើនឹង១០% នៃចំនួនប្រជាជនទូទាំងពិភពលោក នាពេលនេះទទួលបានចំណែករហូតដល់ទៅ៥២% នៃប្រាក់ចំណូលទូទាំងពិភពលោក ខណៈអ្នកក្របំផុតទទួលបានចំណែកត្រឹមតែ៨%។

របាយការណ៍២២៨ទំព័រនេះ ក៏បានបង្ហាញដែរថា ចាប់តាំងពីឆ្នាំ១៩៩៥មក ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ពាន់លានដុល្លារបានកើនឡើងពី១%ទៅ៣%។

របាយការណ៍នេះបញ្ជាក់ទៀតថា “ការកើនឡើងនេះបានបង្កើនល្បឿ​នកាន់តែខ្លាំងអំឡុងវិបត្តិកូវីដ-១៩។ ជាការពិតណាស់ ឆ្នាំ២០២០ គឺជាឆ្នាំដែលទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពាន់លានដុល្លារ ក្នុងពិភពលោកកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន”។

ចំនួន១%នៃកំពូលអ្នកមានបំផុតរបស់ពិភពលោក ទទួលបានចំណែ​កជាង១ភាគ៣ នៃទ្រព្យសម្បត្តិដែលកើនឡើងទាំងអស់ ចាប់តាំងពីឆ្នាំ១៩៩៥ មក ខណៈអ្នកក្របំផុតចំនួន៥០%ទទួលបានចំណែកត្រឹមតែ២%ប៉ុណ្ណោះ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទ្រព្យសម្បត្តិរបស់អ្នកមានបំផុតចំនួន៥២រូប ក្នុងពិភពលោកបានកើនឡើង រហូតដល់ទៅ៩,២%ក្នុងមួយឆ្នាំៗ សម្រាប់រយៈពេល២៥ឆ្នាំចុងក្រោយនេះ៕  BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here