ដោយៈវឌ្ឍនៈ
កំពតៈ គំរោងវិនិយោគជាច្រើនបានចាប់ផ្តើមពង្រីក និងបង្ហាញរូបរាងក្នុងខេត្តកំពត ខេត្តដែលកំពុងមានការលេចឡើង យ៉ាងលឿននូវល្បឿន នៃការវិនិយោគ ដោយសារតែសក្តានុពលរបស់មូលដ្ឋាននេះ។
គំរោងKampot River Park ដែលបោះទុនរាប់លានដុល្លារ លើផ្ទៃដីជាង៤០ហិកតា គំរោងបូកគោលែនទី២ និងទី៣បាននិងកំពុងត្រៀមបង្ហា ញរូបរាង និងគំរោងពុះដីឡូត៏លំហែរជាច្រើនបាន និងកំពុងបង្ហាញវត្តមាននៅក្រុងបូកគោ។
បច្ចុប្បន្នផ្ទះសំណាក់ បឹងហ្កាឡូ សណ្ឋាគារ នៅក្នុងទីរួមខេត្តកំពតត្រូវបានកក់ពេញៗ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ និងថ្ងៃធ្វើការច័ន្ទ ដល់សុក្រ ក៏នៅតែមានភ្ញៀវសំរាកច្រើនគួរឲ្យកត់សំគាល់ផងដែរ។ នេះបើតាមលោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungSia Real Estate។
លោកកែវ សុជាតិប្រធានក្រុមហ៊ុនKW Cambodia ប្រចាំខេត្តនេះក៏បានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៨ ធ្នូនេះថា ការវិនិយោគនៅក្នុងខេត្តកំពតនៅពេលនេះ ភាគច្រើនគឺផ្គត់ផ្គង់ ទៅលើសេវាកម្មទេសចរណ៍ ដោយអ្នកអភិវឌ្ឍន៍ ផ្ដោតលើការសាងសង់ជារីសត សណ្ឋាគារ ផ្ទះសំណាក់រមណីយដ្ឋាន កន្លែងកម្សាន្តផ្សេងៗជាដើម។ បច្ចុប្បន្ននេះ កំពតក៏នៅតែមានសក្ដានុពល សម្រាប់ការអភិវឌ្ឍដែរ ដូចជាអគារខ្ពស់របស់ក្រុមហ៊ុនថៃប៊ុនរ៉ុង និងកំពង់ផែទេសចរណ៍ក្នុងខេត្តកំពត ក៏ដូចជាគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត។
ជាមួយនឹងសកម្មភាព នៃការវិនិយោគពីអ្នកវិនិយោគក្នុងស្រុកតូច ធំ ខេត្តកំពត ក៏ស្ថិតក្នុងផែនការអភិវឌ្ឈរបស់រដ្ឋាភិបាល ដើម្បីទាក់ទាញលំហូរភ្ញៀវទេសចរណ៍ និងវិនិយោគិនពីប្រទេសចិនផងដែរ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ក្នុងអំឡុងពេលអញ្ជើញជាអធិបតី បើកសម្ភោធហេដ្ឋារចនាសម្ព័ន្ឋនៅក្រុងព្រហសីហនុកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលនឹងរៀបចំប្រព័ន្ឋអាងប្រព្រឹត្តកម្មទឹកស្អាត នៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរកម្ពុជា ដូចជា ខេត្តកែប ខេត្តកំពត និងខេត្តកោះកុងនាពេលអនាគតផងដែរ។
ខេត្តកំពតត្រូវបានអ្នកជំនាញមើលឃើញថា ក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ខេត្តនេះនឹងផ្លាស់ប្តូរមុខមាត់ និងបែបផែននៃការរស់នៅ និងធ្វើការរបស់ប្រជាជនមូលដ្ឋាន ដោយបច្ចុប្បន្នអាគារពាណិជ្ជកម្មខ្ពស់ៗជាច្រើនបាននិងកំពុងសាងសង់ ដើម្បីបំពេញតម្រូការក្នុងមូលដ្ឋាន ខណៈក្រុមហ៊ុនវិនិយោគរបស់ចិនបានចាប់ផ្តើមបង្ហាញវត្តមានបណ្តើរៗ៕