ដំណឹងរីករាយ! សណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយ បើកដំណើរការនៅក្រុងព្រះសីហនុ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ សណ្ឋាគារប្រណីតថ្មីមួយលំដាប់ផ្កាយប្រាំ បានបើកដំណើរការនៅខេត្តព្រះសីហនុ ជាខេត្តដែលកំពុងមានការរីកចម្រើន និងកំពុងប្រឈមការខ្វះខាតបន្ទប់ជាប់ជាប្រចាំនេះ។

អគ្គនាយកក្រុមហ៊ុន Prince Real Estate Group លោក លី មីន បានមានប្រសាសន៍ឲ្យដឹង ក្នុងសម្ពោធសណ្ឋាគារព្រីនស៍ថាមលំដាប់ផ្កាយប្រាំ កាលពីចុងសប្ដាហ៍មុននេះថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានយកការអភិវឌ្ឍវិស័យអចលនទ្រព្យជាចម្បង និងមានគំរោងអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មស្របតាមបទដ្ឋានអន្តរជាតិ មានសហគ្រាសដឹកជញ្ជូនចម្រុះ បានក្លាយខ្លួន ជាក្រុមហ៊ុនឈានមុខគេលំដាប់កំពូល ក្នុងវិស័យអចលនទ្រព្យកម្ពុជា និងជាក្រុមហ៊ុនបានបង្កើតឡើងនូវបណ្តុំអគារ ដែលជានិមិត្តសញ្ញា​សំខាន់ៗរបស់កម្ពុជាផងដែរ។

លោកបន្តថា “ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន បានបង្កើតគម្រោងសំខាន់ៗជាច្រើន ដោយបានបោះទុនចំនួនប្រមាណ១៥ពាន់លានដុល្លារ មានដីបម្រុងទុកជាង១ពាន់ហិកតា សម្រាប់ធ្វើការអភិវឌ្ឍ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន២១ក្រុមហ៊ុន”។ លោកបន្តថា “ក្រុមហ៊ុននឹងបន្ដអភិវឌ្ឍខ្លួន ពង្រីកទុនវិនិយោគអចលន ទ្រព្យនេះ រហូតដល់១០០ពាន់លានដុល្លារនាពេលអនាគត”។

អភិបាលខេត្ដព្រះសីហនុ​ លោក យន្ត មីន បានថ្លែងថា អគារសណ្ឋាគារស្កឹមស្កៃនេះ ពិតជាបានចូលរួមចំណែកសេចក្ដី ត្រូវការរបស់ខេត្ដនូវអគារសម្រាប់ភ្ញៀទេសចរស្នាក់នៅលំហែរកម្សាន្ដ និងជាមុខមាត់សម្រាប់ខេត្ដព្រះសីហនុផងដែរ ដែលបានទទួលនូវការវិវត្តលើវិស័យសេវាទេសចរណ៍នេះ។ លោកបន្តថា ការចូលរួមពីវិស័យឯកជនពិតជាកត្ដាសំខាន់ណាស់ សម្រាប់ជំរុញការអភិវឌ្ឍឲ្យមានចីរភាព។

លោកបន្តថា ការបើកសម្ពោធសណ្ឋគារព្រីនស៍ ថាម នាពេលនេះ ពិតជាសក្ខីភាពថ្មីមួយទៀត នៃតួនាទីដ៏មានតម្លៃរបស់ផ្នែកឯកជន ដែលត្រូវបានទទួលស្គាល់ដោយច្បាប់ស្ដីពីទេសចរណ៍ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តាមរយៈការបង្កើតការងា​រដោយផ្ទាល់ និងបង្កើតការងារដោយប្រយោលជាច្រើនទៀត ព្រមទាំងចូលរួមចំណែកលើកកំពស់មុខមាត់ខត្ដព្រះសីហនុផងដែរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំពឹងថា នៅឆ្នាំ២០៣០ ខេត្ដព្រះសីហនុ នឹងអាចស្រូបយកភ្ញៀវទេសចរអន្ដរជាតិ ជិត២លាននាក់ និងភ្ញៀវជាតិប្រមាណ៣លាននាក់ ដូច្នេះខេត្តនេះមានតម្រូវការបន្ទប់សណ្ឋាគារប្រមាណ ៣ម៉ឺន បន្ទប់បន្ថែមទៀតនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here