ដោយៈសុខុម
ភ្នំពេញ: ក្រុមហ៊ុន Ford Motor Co មានគម្រោងបោះទុនវិនិយោគរហូតដល់ទៅ៩០០លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្រនានានៅប្រទេសថៃ ដែលផលិតរថយន្ត Pick-up ម៉ូឌែល Ford Ranger និងរថយន្ត SUV ម៉ូឌែល Ford Everest របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី៨ ធ្នូ នេះ។

-->
ដំណឹងអំពីគម្រោងបោះទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះកើតមានឡើង ក្រោយពីក្រុមហ៊ុនផលិតរថយន្តអាមេរិក ទំហំយក្សមួយនេះបានបោះទុនវិនិយោគចំនួន២១លានដុល្លារ ដើម្បីសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford ដំបូងបង្អស់នៅកម្ពុជា ដែលជិតបញ្ចប់ជាស្ថាពរហើយគិតត្រឹមចុងឆ្នាំ២០២១ នេះ។
ផែនការវិនិយោគក្នុងប្រទេសថៃនេះ គឺផ្ទុយគ្នាស្រឡះទៅនឹងក្រុមហ៊ុន Ford នៅប្រទេសប្រេស៊ីល ដែលបានបិទរោងចក្រចំនួន៣របស់ខ្លួន ក្នុងឆ្នាំនេះ ជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ទូទាំងពិភពលោកក្រោមទំហំចំណាយ១១ពាន់លានដុល្លារ និងជាយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការសម្រេចគោលដៅប្រាក់ចំណេញ ប្រតិបត្តិការទូទាំងពិភពលោកឱ្យបាន៨%។
ក្រុមហ៊ុន Ford ក៏នឹងដកខ្លួនចេញពីផលិតកម្ម ក្នុងប្រទេសឥណ្ឌាផងដែរ ដោយសារពិបាកនឹងទទួលបានប្រាក់ចំណេញ នៅក្នុងទីផ្សារនេះជាយូរមកហើយ។
ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំបំផុតទី៤ ក្នុងតំបន់អាស៊ី ដែលគ្របដណ្ដប់រហូតដល់ ទៅប្រមាណ១០%នៃផលិតផលក្នុងស្រុកសរុប (GDP) និងការងារផលិតកម្មរបស់ប្រទេសថៃ។
កាលពីឆ្នាំមុន ក្រុមហ៊ុនអាមេរិកGeneral Motors បានលក់រោងចក្ររបស់ខ្លួននៅប្រទេសថៃ ឱ្យទៅក្រុមហ៊ុនចិន Great Wall Motor ដែលបានចាប់ផ្តើមផលិតរថយន្តប្រភេទ SUV និងមានគម្រោងផលិតរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសនេះ។

ក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសថៃ PTT Pcl បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគពី ១.០០០ ទៅ២.០០០លានដុល្លារ លើការបង្កើតរោងចក្រមួយ ដើម្បីផលិតរថយន្តអគ្គិសនី ជាមួយក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់៕ Reuters៕