ដោយ: សុផារី
កណ្តាល: ថ្លែងនៅក្នុងដំណើរពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្តេចតេជោហ៊ុនសែន ប្រសិទ្ធិនាមព្រលានយន្តហោះថ្មី ថា “អាកាសយានដ្ឋានអន្តរជាតិតេជោ”។
សម្តេចបានមានប្រសាសន៍ថា ទាក់ទងនឹងដំណើរដើមទងនៃការជ្រើសរើសឈ្មោះនេះថា “នៅប្រទេសរបស់យើងនៅក្នុងតំបន់ស្អាងទៀតសោត បើយើងពិនិត្យលើភូមិសាស្ត្រ អត់ឆ្ងាញ់ប៉ុន្មានទេ។ ព្រះស្រីសុរិយោពណ៌ ជំនាន់តេជោមាស នៅសំរោងទង មកប្រគល់ភារកិច្ចឱ្យតេជោមាស នៅក្នុងស្រុកស្អាងនេះ។”
សម្តេចបានបន្តថា “ប្រវត្តិតំបន់នេះ ប្រវត្តិតេជោធ្វើសកម្មភាព តេជោជំនាន់មុន និងតេជោជំនាន់ក្រោយធ្វើសកម្មភាព។”
សម្តេចបានបញ្ជាក់ថា ការដាក់ឈ្មោះតេជោមិនបានសំដៅលើឈ្មោះរបស់សម្តេចនោះទេ តែសំដៅលើតេជោមាស តេជោយ៉ត។
សម្តេចបានបញ្ជាក់ថា “សូមកុំភាន់ច្រឡំថា តេជោមានតែតេជោសែន ព្រោះខ្ញុំមិនបានដាក់តេជោសែនទេ។ ខ្ញុំក៏ចង់បង្ហាញថា ប្រទេសនេះជាប្រភេទរាជានិយម ព្រោះមានតែព្រះមហាក្សត្រទេ ដែលមានគោរម្យងារ “តេជោ” ។ ហើយមានតែព្រះមហាក្សត្រទេដែលមានសិទ្ធិព្រះរាជទានគោរមងារ “តេជោ” បាន។”
អាកាសយានដ្ឋានអន្តរជាតិតេជោនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគ រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ៕