សក្តានុពលចំនួន៥ នឹងរុញក្រុងព្រះសីហនុក្លាយជាទីក្រុងដ៏ស៊ីវិល័យមួយនាពេលអនាគត

0

ដោយ ៖ ស៊ីវ ម៉េង+ លាងគង់

ភ្នំពេញ សក្តានុពលសំខាន់ៗចំនួន៥ បាន និងកំពុងជំរុញខេត្តព្រះសីហនុ ក្លាយជាប៉ូល​សេដ្ឋកិច្ចទី២ជំនួសខេត្តសៀមរាប ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

សក្តានុពលដែលត្រូវគេមើលឃើញទាំងនោះ រួមមាន តំបន់ឆ្នេរដ៏ទាក់ទាញ តំបន់សេដ្ឋកិច្ចពិសេស នៃគំនិតផ្តួចផ្តើមក្រវ៉ាត់មួយ ផ្លូវមួយ ផ្លូវល្បឿនលឿន និងបណ្តាញផ្លូវដែក កំពង់ផែទឹកជ្រៅ ដែលតភ្ជាប់សកម្មភាពពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោកនាពេលអនាគតឆាប់ៗនេះ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុពិតជាមានសក្តានុពល ដោយ​សារមានការភ្ជាប់ជើងហោះហើរពីប្រទេសចិន និងពីខេត្តសៀមរាបមកកាន់ទីនោះ​កាន់តែច្រើន ពិសេសអ្វីដែលលោកភ្ញាក់ផ្អើលនោះ គឺលោកឃើញវត្តមានជនជាតិចិន​កាន់តែច្រើនមកទស្សនា និងវិនិយោគនៅខេត្តជាប់មាត់សមុទ្រមួយនេះ។ លោកបន្តថា ខេត្តនេះនៅមានសក្តានុពល សម្រាប់អភិវឌ្ឍន៍ច្រើន ដោយសារមានដីទំនេរច្រើន ដែលផ្តល់ជំរើសដល់អ្នកអភិវឌ្ឍន៍កាន់តែមានភាពងាយស្រួល។ លោកបន្តថា “និយាយពីការសាងសង់ខុនដូនៅខេត្តព្រះសីហនុ យើងត្រូវសួរថា តើអ្នកអភិវឌ្ឍន៍ផ្តោតលើអ្នកណាជាគោលដៅ។ បើអ្នកវិនិយោគផ្តោតលើប្រជាជនក្នុងស្រុកខ្ញុំមិនសូវមានជំនឿចិត្តនោះទេ”។ លោកបន្តថា “ប្រជាពលរដ្ឋខេត្តព្រះសីហនុទំនងមិនសូវចាប់អារម្មណ៍ខុនដូច្រើនទេ ពួកគេនៅតែចាប់អារម្មណ៍លំនៅដ្ឋា​នផ្ទាល់ដី ដោយសារខេត្តនៅសល់ដីទំនេរច្រើន និងមានតម្លៃធូរថ្លៃនៅឡើយ”។

ខេត្តព្រះសីហនុបច្ចុប្បន្នបានក្លាយជាប៉ូលទី២ ដែលអ្នកវិនិយោគបរទេសបាន​និងកំពុងសាងសង់ខុនដូនៅតំបន់នេះច្រើន ដូចជា គំរោង Sea Gate Suite,D seaview, Sunshine Bay, Royal Bay view, Blue Bay និងគំរោងខុនដូជាច្រើនទៀត ដែលបាននិងកំពុងសាងសង់ជាបន្ត​បន្ទាប់។

លោក ច្រឹក សុននីម បានបន្តថា ដោយសារខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ ហើយរដ្ឋាភិបាលកំពុងរៀបចំតំបន់នេះ ទៅជាតំបន់ពាណិជ្ជកម្មនាពេលអនាគត អ្នកវិនិយោគ ដែលមានគោលដៅធ្វើការ​វិនិយោគរយៈពេលវែង បានងាកទៅកាន់តំបន់នេះ ដោយសារវាជាតំបន់ដែលមានសក្តានុពលសម្រាប់ពេលអនាគត។ លោកបន្តថា “រដ្ឋាភិបាលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់នៅតំបន់នេះ តាមរយៈការរៀបចំឆ្នេរឲ្យមានសោភ័ណភាព និងរៀបរៀបរយជាងមុន គម្រោងសា​ងសង់ផ្លូវហាយវេពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះ ការមានព្រលានយន្តហោះលំដាប់អន្តរជាតិ និងកំណើនភ្ញៀវទេសចរ សុទ្ឋតែជាកត្តាហុចសក្តានុពលដល់អ្នកវិនិយោ​គសាងសង់ខុនដូនៅខេត្តនេះ”។ លោកបន្តថា “ពេលបុណ្យទានម្តងៗពិបា​ករកផ្ទះសំណាក់ និងសណ្ឋាគារសម្រាប់ស្នាក់នៅ ដូច្នេះការទិញខុនដូសម្រាប់លំហែរនឹងជា​ជំរើសមួយផងដែរ”។

អ្នកវិនិយោគខុនដូមួយរូប ដែលបាន និងកំពុងវិនិយោគខុនដូមួយក្នុងចំណោម​ខុនដូខាងលើបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា “ខេត្តព្រះសីហនុជាខេត្ត​តំបន់ឆ្នេរមួ​យ ដែលមានភាពស្រស់ស្អាត និងជាប៉ូលទាក់ទាញភ្ញៀវទេសចរលំដាប់ទី២បន្ទា​ប់ពី​ខេត្តសៀមរាប ដូច្នេះខ្ញុំគិតថាអ្វីៗវានឹងប្រសើរឡើងសម្រាប់ខុនដូរបស់ខ្ញុំ ព្រោះទីនោះមិនសូវមានខុនដូ និងអូតែលលំដាប់ប្រណីតនៅឡើយ។ យើងសាងសង់ខុនដូសម្រាប់ទាក់ទាញជនបរទេស មកប្រទេសរបស់យើង ហើយនៅឆ្នាំ២០១៨ ការចម្រាញ់យកប្រេងកាតពីសមុទ្ររបស់យើង នឹងចាប់ផ្តើម​ដែលនេះជាផ្នែកមួយដ៏សំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែមមកកាន់ទីនេះ”។ នេះបើតាមសម្ដីអ្នកវិនិយោគរូបនោះបន្ថែម។

លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា បច្ចុ​ប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួនពីរ គឺក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ និងក្រុមហ៊ុន បាយ័នអ៊ែរ បានធ្វើការហោះហើររវាងខេត្តសៀមរាប និងរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុជារៀងរាល់ថ្ងៃ និងមានអាកាសចរណ៍មកពីបរទេសធ្វើការហោះហើរលក្ខណៈជួល និងយូរៗម្តងមកកាន់ខេត្តព្រះសីហនុផងដែរ។ លោកបន្តថា “ខេត្តនេះនឹងកាន់តែមានសក្តានុពល និងមានការរីកចំរើនកាន់តែ​ខ្លាំង ប្រសិនជាអាជ្ញាធររក្សាបាននូវហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន ព្រមទាំងសម្បត្តិ ធម្មជាតិទាំងលើគោក និងក្នុងទឹកបានល្អ”។ លោកបន្តថា “ជោគជ័យ ឬមិនជោគជ័យ​លើការសាងសង់ខុនដូ និងអចលនវត្ថុនៅទីនេះ វាអាស្រ័យលើការអភិរក្សធនធានធម្មជាតិ និងការរៀបចំតំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ”។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា បច្ចុប្បន្នមានខុនដូចំនួនបីបាន និងកំពុងសាងសង់នៅតាមតំបន់ឆ្នេរក្នុងខេត្ត ដែលជាការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក និងបរទេស។ លោកបន្តថា ខេត្តព្រះសីហនុចេះតែបន្តអភិវឌ្ឍន៍ទៅមុខ កាន់តែលឿន ដោយសាររដ្ឋាភិបាលបានរៀបចំខេត្តនេះ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្មពហុវិស័យ ព្រោះខេត្តនេះមានឆ្នេរស្អាត មានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា និងមានជើងហោះហើរត្រង់កាន់តែច្រើនឆ្ពោះមកកាន់ខេត្តនេះ។ លោកបន្តថា “ដោយសារសន្តិភាព ទើបមានអ្វីៗទាំងអស់នេះ។ ប្រជាជនក្នុងខេត្តព្រះសីហនុ មានការចាប់អារម្មណ៍លើខុនដូខុនដូច្រើន”។

ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត សុក ស៊ីផាន់ណា បានថ្លែងថា តាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល ដែលបាន​ដាក់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មបានធ្វើឲ្យខេត្តនេះមានសកម្ម​ភាពអភិវឌ្ឍន៍យ៉ាងលឿន ដោយសារហេដ្ឋារចនាសម្ព័ន្ឋអំណោយផលនានា ដូចជាតំបន់សេដ្ឋកិច្ចពិសេស ដែលងាយស្រួលក្នុងការដឹកជញ្ជូន ដោយសារវាជាប់កំពង់ផែ​ទឹកជ្រៅតែមួយគត់របស់កម្ពុជា ការពង្រីកព្រលានយន្តហោះកងកេង ក្លាយជាព្រ​លានយន្តហោះលំដាប់អន្តរជាតិ ការតភ្ជាប់ផ្លូវគោក និងផ្លូវល្បឿនលឿនជាដើម សុទ្ឋតែជាសក្តានុពលរបស់ខេត្ត។ លោកបន្តថា “ខ្ញុំគិតថារយៈពេល៥ឆ្នាំខាងមុខ ខេត្តព្រះសីហនុនឹងជំនួសខេត្ត​សៀមរាប ដោយសារខេត្តសៀមរាបពឹងផ្អែកខ្លាំង តែលើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here