ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលបានបន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ ឬខុនដូ ដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២២ ដែលនេះជាផ្នែកមួយនៃវិធានការគ្រប់គ្រងផលប៉ះពាល់ និងស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទកូវីដ១៩។
លោកផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី ការយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ។
លោកបន្តថា ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើ៧ម៉ឺនដុល្លារអាមេរិកនឹងត្រូវបន្តទៀត ប៉ុន្តែមិនបានបញ្ជាក់ថានឹងបន្ដរយៈពេលប៉ុន្មានទេ ដោយត្រូវរង់ចាំប្រកាសផ្លូវការពីអគ្គនាយកដ្ឋានពន្ធដា។
ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ និងខុនដូតម្លៃទាបជាង ៧ម៉ឺនដុល្លារ ប្រកាសជាលើកដំបូងដោយសម្ដេចហ៊ុន សែន នៅខែ កុម្ភៈ ឆ្នាំ ២០២០ ដោយលើកលែង១ ឆ្នាំដល់ មករា ២០២១ និងបន្តលើកលែងដល់ឆ្នាំ២០២២៕