សម្តេចតេជោអបអរសាទរខួប៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្តែងការអបអរសាទរខួប៦៦ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។

សម្តេចបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចនាល្ងាចថ្ងៃទី១៤ ធ្នូនេះថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ជាខួប៦៦ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុត ក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។

គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិ ក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្ម​ភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេ​សនាំមុខគេ ដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here