ជប៉ុនផ្តល់ជំនួយឥតសំណង១២លានដុល្លារដើម្បីផ្លាស់ប្តូរទិន្នន័យអេឡិកត្រូនិកនៅកំពង់ផែ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) បានសម្រេចផ្តល់ជំនួយប្រមាណ១២លាន​ដុល្លារ ដើម្បីជួយលើកកំពស់សមត្ថភាពកំពង់ផែព្រះសីហនុ។

គម្រោងនេះ ចាប់ផ្តើមដំណើរការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការប្រព័ន្ធជាផ្លូវការ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ខាង មុខនេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) សម្រេចវឌ្ឍនភាពការងារបានប្រមាណ៨០%ហើយ ក្នុងនោះ៖ គម្រោងបានបញ្ចប់វគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីអនុវត្តគម្រោង និងគ្រោងដាក់ឱ្យធ្វើតេស្តសាកល្បងជា៣វគ្គ ដោយសមាជិកគណៈកម្មការធ្វើបែបបទនាវា ចូល-ចេញចាប់ផ្តើមពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ក្រោមការបណ្តុះបណ្តាលដោយផ្ទាល់ ពីក្រុម ការងារបច្ចេកទេសរបស់ក្រុមហ៊ុន KYOWA EXEO,.inc និងពិនិត្យវាយតម្លៃដោយទីប្រឹក្សានៃក្រុមហ៊ុន Mitsubishi Research Institute, INC និងគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធនៅខែសីហា ឆ្នាំ២០២២។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រគល់-ទទួលស ម្ភារៈប្រើប្រាស់ ក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែ (Port EDI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងទទួលបន្ទុក តំណាងទីភ្នាក់ងារ JICA និងមន្រ្តីពាក់ព័ន្ឋ។

លោកបានមានប្រសាសន៍ថា នៅថ្ងៃអនាគត ក្នុងដំណាក់កាលរីកចម្រើន យើងអាចសហការគ្នា ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកនៅកំពង់ផែ(Port EDI) របស់យើងជាមួយប្រព័ន្ធ ASYCUDA របស់គយ ដើម្បីបង្កភាពងាយ ស្រួលបន្ថែមដល់ធុរកិច្ចជន។

លោកស៊ុន ចាន់ថុលបានបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេល១០ឆ្នាំចុង ក្រោយនេះ ដែលធ្វើឱ្យបរិមាណនៃការនាំចូល និងការនាំចេញបានកើនឡើងជារៀងរាល់ឆ្នាំ ដែលទាមទារឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារកំពង់ផែជាបន្ទាន់។

បច្ចុប្បន្ននេះកម្ពុជាមានកំពង់ផែធំៗ ចំនួនពីរគឺ កំពងផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់បម្រើសេវាដឹកជញ្ជូនតាម ផ្លូវទឹក ផ្លូវសមុទ្រក្នុងប្រទេស និងអន្តរជាតិ ហើយកំពង់ផែទាំងពីរបានដំណើរការធ្វើបែបបទនាវាចូល -ចេញតាមនីតិវិធីរដ្ឋបាលដោយដៃ ដែលងាយជួបប្រទះបញ្ហាប្រឈមនៅពេលដែលចំនួននាវា និងទំនិញកើនឡើងយ៉ាងច្រើននាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here