ដោយៈសុផារី
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការភ្ញាក់ផ្អើលទៅនិងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្តេច ដោយសម្តេចបានលើកឡើងថា ចាប់ផ្តើមពីទីក្រុងខ្មោច ដែលយើងសឹងមិនជឿថា យើងមានទីក្រុងគុជមួយដែលមានអាគារខ្ពស់ៗ បើប្រៀបធៀបទៅនិងការចាប់ផ្តើមពីឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញបានរីកចម្រើនសម្បើម។
សម្តេចបានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធដំណើរការសណ្ឋាគារលំដាប់អន្តរជាតិ នៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃទី១៥ ធ្នូនេះថា ពីអតីតកាល អាគារដែលខ្ពស់ជាងគេរបស់យើង មានកម្ពស់ត្រឹមតែ៧ជាន់ប៉ុណ្ណោះ និងមានតែមួយអាគារទៅទៀត ប៉ុន្តែឥឡូវនេះយើងមានច្រើន នេះបង្ហាញពីការរីកលូតលាស់របស់កម្ពុជា។
សម្តេចបានបន្តថា “តើអ្វីជាកម្លាំងជម្រុញ ដែលនាំទៅដល់ភាពទាក់ទាញនូវការអនុគ្រោះ សម្រាប់ការវិនិយោគបែបនេះ? និងការរីកចម្រើនរបស់ប្រទេសជាតិ ក្នុងនោះកត្តាសន្តិភាពរកបានដោយការលំបាក និងមិនត្រូវបានមើលរំលង ហើយក៏មិនត្រូវបានប្រគល់ ឬផ្តល់អោយនរណា បំផ្លិចបំផ្លាញនោះទេ ទោះបីអ្នកណានិយាយអ្វីក៏និយាយទោចុះ”។ សម្តេចបានបន្តថា “មិត្តភក្តិបរទេសនៅទីនេះ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនិងមិនខ្លាចការនិយាយខុសនៅចំពោះមុខបរទេស បើគ្មានសន្តិភាពទេ សូមកុំសង្ឃឹមថា នឹងអាចអភិវឌ្ឍន៍បាន ប្រទេសរបស់ខ្ញុំគឺជាបទពិសោធន៍គ្រប់គ្រាន់ទៅហើយ អំពីការបាត់បង់សន្តិភាព”។សម្តេចបន្ថែមថា “សមិទ្ធិផលដែលដូនតាយើង បានបន្សល់ទុកអោយយើង ជាពិសេសសមិទ្ធិផលព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ដែលព្រះអង្គបានខិតខំកសាង រាប់ទាំងសមិទ្ធិផល ដែលបារាំងបានកសាងក៏ត្រូវបានបំផ្លិចបំផ្លាញ ទីក្រុងភ្នំពេញ ក៏ដូចទីក្រុងទាំងមូល គ្មានមនុស្សរស់នៅ គឺស្មើនិងសូន្យ”។
សម្តេចតេជោបន្តថា “អ្នកខ្លះពេលខ្ញុំនិយាយពិសន្តិភាព ដោយមិនបាននិយាយពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពួកគេគិតតែពិនិយាយតិះតៀនខ្ញុំថា ខ្ញុំមិនអោយតម្លៃលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែអ្វិដែលខ្ញុំចង់និយាយ ខ្ញុំផ្តល់សារៈសំខាន់ធំធេង ទៅលើសិទ្ធិរស់រានមានជីវិត បើអ្នកឯងងប់ទៅហើយ អ្នកឯងមកសរសេរកាសែតធ្វើ”៕