កម្ពុជាដល់ដំណាក់កាលអភិវឌ្ឍន៍ទីក្រុងបៃតងហើយ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃការអភិវឌ្ឍអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀតដែលមានសក្ដានុពល បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែ ភាគច្រើននៃការអភិវឌ្ឍអគារទាំងនោះមិនទាន់គិតគូរដល់ការផលប៉ះពាល់នៃបរិស្ថាននៅឡើយ។ ស្ថាបត្យករជំនាញមួយរូបរបស់កម្ពុជាបាននិយាយថាកម្ពុជាដល់ដំណាក់មួយដែលត្រូវគិតគូពីការអភិវឌ្ឍទីក្រុងបៃតងហើយ។

លោក ជា ប៊ុនសៀង ស្ថាបត្យករជំនាញមួយរូបរបស់កម្ពុជា បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា ការរីកចម្រើននៃប្រទេសកម្ពុជាកំពុងតែធ្វើដំណើរទៅលឿន ហើយការគិតគូរដល់ការអភិវឌ្ឍទីក្រុងបៃតងនៅក្នុងប្រទេសកម្ពុជា វាមិនមែនជារឿងថ្មីទេ។ វាគួរតែគិតគូរមកជាយូរហើយ ពីព្រោះ បច្ចុប្បន្ននេះកម្ពុជាមានសំណង់ច្រើនណាស់ បើសិនជាវារីកកាន់តែច្រើនវានឹងពិបាកក្នុងការដកដង្ហើម ឬអាចបង្កជាខ្យល់ពុលជាដើម ដូច្នេះវាដល់ដំណាក់កាលដែលកម្ពុជាត្រូវគិតគូរពីការអភិវឌ្ឍទីក្រុងបៃតងនេះហើយ។

លោកបន្តថា ប្រទេសគេរីកចម្រើនគេធូរធាគេបានគិតពីបញ្ហានេះយូរហើយ និងយកបញ្ហានជាបញ្ហាចំបង។ ដោយឡែកសម្រាប់កម្ពុជា លោកគិតថា វាដល់ដំណាក់មួយដែលត្រូវចាប់ផ្ដើគិតដូចគ្នា អញ្ចឹងដំណោះស្រាយចរាចរណ៍នៅទីតាំងសាធារណៈត្រូវគិតគូឡើងវិញ និងត្រូវមានការចូលរួមពី វិស័យឯកជន ពីអ្នកអភិវឌ្ឍន៍គម្រោងនីមួយៗ ហើយមកដល់ពេលនេះ ក៏មានគម្រោងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាមួយចំនួនចាប់ផ្ដើមធ្វើបណ្ដើរៗហើយដែរ។

លោកបន្ថែមថា ការធ្វើនវានុវត្តន៍ក្នុងវិស័យស្ថាបត្យកម្មនៅកម្ពុជាក៏ត្រូវមានការចូលរួមសំខាន់ពីស្ថាបត្យករអាជីព និងត្រូវយកទស្សនទានមួយ គឺរត់តាមគេឱ្យទាន់និងមើលឱ្យឆ្ងាយជាងគេ ពីព្រោះស្ថាបត្យករជាមនុស្សដែលប្រើទស្សនៈទានជាគោល មិនមែនជាអ្នកគ្រាន់តែគូរលើក្រដាសប៉ុណ្ណោះនោះទេគឺមើលនូវអ្វីដែលកើតឡើងនៅពេលអនាគតមុនគេ ហើយនឹងត្រូវឈរលើទីតាំងនោះមុនគេ ដោយគិតថាបន្តិចនឹងដល់ហើយ ។

លោកថា “ស្ថាបត្យករដែលខ្លាំងគឺជាស្ថាបត្យករដែលគិតគូរពីផលប៉ះពាល់ដល់ធនធានធម្មជាតិ បរិស្ថាន និងធ្វើឱ្យមនុស្សជាតិរស់នៅស្រួលជាមួយនឹងធម្មជាតិ។”
លោកបន្ថែមទៀតថា ក្រៅពីស្ថាបត្យករ អ្នកចូលរួមសំខាន់មួយទៀតគឺអ្នកទទួលផល គឺជាអ្នកដែលចង់បានស្ថាបត្យកម្មដែលល្អ ទី៣ អាជ្ញាធរក៏ដូចជារដ្ឋាភិបាលក៏ត្រូវមានក្រឹតក្រមស្ថាបត្យកម្ម និងត្រូវកំណត់ទីតាំងដែលត្រូវសាងសង់និងការអភិវឌ្ឍ ដូចជាការតំបន់ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន និងបែកចែកទៅតាមកម្រិតជីវភាពនៃការរស់នៅផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ធ្នូ២០២១នេះ ក៏បានបញ្ជាក់ពីកំណើននៃសំណង់អគារខ្ពស់នៅក្នុងប្រទេសក្នុងរយៈពេលឆ្នាំចុងក្រោយនេះដែរ ដោយកាលពីមុនរាជធានីភ្នំពេញ មានអគារខ្ពស់តែប៉ុន្មានអគារប៉ុណ្ណោះ តែមកដល់ពេលនេះអគារខ្ពស់ជាច្រើនកំពុងរីកដុះដាលជាបន្តបន្ទាបហើយនឹងបន្តរីកលូតលាស់ជាបន្តបន្ទាប់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here